ក្លិបអ្នកកាសែតកម្ពុជា បើកវេទិកាពិភាក្សាស្តីពី «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព» ដោយមានការចូលរួមពីស្ថាប័នព័ត៌មានចំនួន ៦៦
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ក្រោមការដឹកនាំរបស់ លោក ពុយ គា ជាប្រធាន បានរៀបចំវេទិកាពិភាក្សាមួយក្រោមប្រធានបទ «ការលើកកម្ពស់ការប្រើប្រាស់ឥណទានប្រកបដោយសុវត្ថិភាព» ក្នុងគោលបំណងរួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យមានការប្រើប្រាស់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវនៅក្នុងសង្គម។
នៅក្នុងឱកាសបើកវេទិកានោះ លោក ពុយ គា បានសង្កត់ធ្ងន់លើតួនាទីយ៉ាងសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបញ្ជូនព័ត៌មានពិត និងការអប់រំផ្នែកហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋ។ លោកបានមានប្រសាសន៍ថា៖
«ការយល់ដឹងពីរបៀបប្រើប្រាស់ឥណទាន ឬប្រាក់កម្ចីឱ្យបានត្រឹមត្រូវ និងសុវត្ថិភាព គឺជារឿងចាំបាច់បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងយុគសម័យនេះ ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល និងដើម្បីយកទុនទាំងនោះទៅពង្រីកអាជីវកម្មពិតប្រាកដ។»
វិសាលភាពនៃវេទិកាពិភាក្សានេះ ទទួលបានការចាប់អារម្មណ៍និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មាន ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងអញ្ជើញមកពីអង្គភាពអ្នកសារព័ត៌មាននានា ព្រមទាំងសមាជិក សមាជិកា យ៉ាងច្រើនកុះករ។
តាមការបញ្ជាក់ពីគណៈកម្មការរៀបចំកម្មវិធី វេទិកាពិភាក្សានេះមានអ្នកចូលរួមសរុបចំនួន ៨៦ នាក់ ដែលអញ្ជើញមកពីបណ្តាស្ថាប័ន និងអង្គភាពព័ត៌មានផ្សេងៗគ្នាចំនួន ៦៦ ស្ថាប័ន។ ការចូលរួមយ៉ាងច្រើនកុះករនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ក្នុងការរួមចំណែកផ្សព្វផ្សាយ និងអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់ឥណទានដោយសុវត្ថិភាព ដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។
អ្នកចូលរួមទាំងអស់បានសម្តែងការគាំទ្រ និងបានពិភាក្សាគ្នាយ៉ាងផុសផុលទៅលើចំណុចគន្លឹះសំខាន់ៗ ក្នុងការស្វែងយល់ពីប្រព័ន្ធឥណទានផ្លូវការ ការគ្រប់គ្រងហានិភ័យបំណុល និងការលើកកម្ពស់សមត្ថភាពសរសេរអត្ថបទព័ត៌មានសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕

