សារថ្វាយព្រះពរ ទូលព្រះបង្គំ ម៉េង សុភណ្ឌ័ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប ៧៣ យាងចូល ៧៤ ព្រះវស្សា

សារថ្វាយព្រះពរ
ទូលព្រះបង្គំ ម៉េង សុភណ្ឌ័ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប ៧៣ យាងចូល ៧៤ ព្រះវស្សា
(ភ្នំពេញ)៖ ទូលព្រះបង្គំ ម៉េង សុភណ្ឌ័ ប្រធានសមាគមអ្នកសារព័ត៌មានអេឡិចត្រូនិកអឹមអេសជេរ៍ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ចាងហ្វាង ប្រធានអង្គភាពអ្នកសារព័ត៌មាន មន្ត្រីរាជការ និងសាធារណជនទាំងអស់ សូមក្រាបបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ និងជ័យមង្គល ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ខួប ៧៣ យាងចូល ៧៤ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ១៣ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំ សម្ដែងនូវកត្តញ្ញូកតវេទិតាធម៌ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជារាស្ត្រខ្មែរ ប្រកបដោយព្រះរាជហឫទ័យមេត្តាធម៌ដ៏ថ្លៃថ្លា ជាពិសេសក្នុងវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ វប្បធម៌ និងការអភិវឌ្ឍសង្គមជាតិ ឱ្យមានសុខសន្តិភាព និងភាពរីកចម្រើនជាបន្តបន្ទាប់។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថអញ្ជលីប្រណម បួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី និងទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងព្រះឫទ្ធិបារមីនៃអតីតព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីដ៏បវរថ្លៃថ្លា នៃព្រះករុណា ព្រះបរមរតនកោដ្ឋ សូមតាមជួយថែរក្សា ប្រោះព្រំប្រទានពរជ័យ សិរីមង្គលគ្រប់ប្រការ ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជារាស្ត្រខ្មែរ និងមាតុភូមិកម្ពុជា ជានិច្ចនិរន្តរ៍តទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *