Skip to content
ឯកឧត្តម ជុំ កុសល៖ នយោបាយឈ្នះ–ឈ្នះ ជានយោបាយអច្ឆរិយៈ គ្មានពីរ ក្នុងប្រវត្តិសាស្ត្រជាតិ
(ភ្នំពេញ) ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦៖ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នយោបាយឈ្នះ–ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺជានយោបាយអច្ឆរិយៈ និងគ្មានពីរ ក្នុងប្រវត្តិសាស្ត្រជាតិ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» លើកទី៥ ដែលរៀបចំក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ» នៅសាលប្រជុំនៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ជុំ កុសល បានបញ្ជាក់ថា នយោបាយឈ្នះ–ឈ្នះ បាននាំមកនូវសន្តិភាពពិតប្រាកដសម្រាប់ប្រទេសកម្ពុជា ខណៈដែលសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ ទោះបីបានចំណាយថវិកាជាង ២,០០០ លានដុល្លារ ក្នុងគោលបំណងស្វែងរកសន្តិភាព ក៏មិនអាចសម្រេចបានដូចគោលនយោបាយនេះឡើយ។ ទោះជាយ៉ាងណា អង្គការសហប្រជាជាតិ បានចូលរួមក្នុងការរៀបចំបោះឆ្នោត និងនាំមកនូវលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែមិនទាន់អាចធានាសន្តិភាពពេញលេញបាននោះទេ។
ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រទេសកម្ពុជា នៅតែមានចំណុចខ្វះខាតខ្លះៗ ដែលត្រូវការការរួបរួម និងសាមគ្គីភាពជាតិ ដើម្បីកែលម្អឱ្យកាន់តែប្រសើរ។ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ រួមគ្នាពង្រឹងសមត្ថភាព កសាងស្តង់ដារ និងលើកកម្ពស់គុណភាព ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែរឹងមាំជាបន្តបន្ទាប់។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ក្នុងបរិបទតំបន់ និងអន្តរជាតិ កម្ពុជាត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំង ជាពិសេសការលើកកម្ពស់សមត្ថភាពយុវជន ដែលមានសក្តានុពលខ្ពស់ និងអាចចូលរួមផលិតបច្ចេកវិទ្យា និងយុទ្ធោបករណ៍សម្រាប់អនាគតបាន។



