សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង បែបស៊ីវីល័យ ស្រស់ស្អាត និងទាន់សម័យ ត្រូវបានរៀបចំពិធីក្រុងពាលី និងបើកការដ្ឋានសាងសង់ជាផ្លូវការ
(ខេត្តកណ្ដាល)៖ សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលមានលក្ខណៈស៊ីវីល័យ ស្រស់ស្អាត និងទាន់សម័យ ត្រូវបានរដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។
ពិធីក្រុងពាលីបញ្ចុះបឋមសិលា និងបើកការដ្ឋានគម្រោងនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យ ក្នុងដំណើរការអនុវត្តគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោត ឱ្យប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
តាមមន្ត្រីជំនាញបច្ចេកទេសបានឱ្យដឹងថា គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល មានប្រវែងសួនសាធារណៈចំនួន ៥៩០ ម៉ែត្រ និងសំណង់គ្រឿងបង្គំថ្មីប្រវែង ៤៥០ ម៉ែត្រ ដែលត្រូវបានរៀបចំជាចំនួន ៣ ថ្នាក់ ដូចខាងក្រោម៖
ថ្នាក់ទី១ រៀបចំមាន៖
១. ផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្តក្នុងសួន
២. ផ្លូវជិះកង់ និងរត់ហាត់ប្រាណ
៣. សួនបៃតង
៤. រក្សាទុកដើមឈើដែលមានស្រាប់ និងដាំបន្ថែមដើមឈើថ្មី
៥. សួនកម្សាន្តកុមារ
៦. កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់
៧. កន្លែងអង្គុយលំហែ
៨. អាហារដ្ឋាន (Food Court) ចំនួន ២២ តូប
៩. អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺសួនសាធារណៈ
១០. ចំណតរថយន្តក្រុង
១១. ចំណតរថយន្ត
១២. ចំណតម៉ូតូ
ថ្នាក់ទី២ រៀបចំមាន៖
១. ជម្រាលសម្រាប់ជនពិការ
២. ផ្លូវដើរកម្សាន្តថ្មើរជើង
៣. អគារហាងកាហ្វេ រួមជាមួយបន្ទប់ទឹកសាធារណៈ
៤. បន្ទប់ទឹកសាធារណៈ ចំនួន ២ កន្លែង
៥. សួនស្មៅ និងរុក្ខជាតិតូចៗ
៦. ជណ្តើរ និងរង្គសាលសម្រាប់អង្គុយលេង
៧. ឆ័ត្រដែកទម្រង់ដូចផ្សិត សម្រាប់អង្គុយជ្រក
៨. អំពូលភ្លើងបំភ្លឺតាមសួន
ថ្នាក់ទី៣ រៀបចំមាន៖
១. ជម្រាលសម្រាប់មនុស្សចាស់ និងជនពិការ
២. ផ្លូវដើរកម្សាន្តថ្មើរជើង
៣. សួនរុក្ខជាតិតូចៗ រួមជាមួយកន្លែងអង្គុយលំហែមាត់ទឹក
៤. បង្កាន់ដៃបេតុង និងដែក
៥. អំពូលភ្លើងសូឡាបំភ្លឺតាមបង្កាន់ដៃច្រាំងស្ទឹង
គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតនេះ គ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបាន ១០០% នៅចុងឆ្នាំ២០២៦ ខាងមុខ ដើម្បីក្លាយជាទីតាំងសាធារណៈសម្រាប់កម្សាន្ត សុខភាព និងលំហែអារម្មណ៍របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

