សង្ស័យមានការបើកល្បែងស៊ីសងខុសច្បាប់នៅជិតប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ១ ថ្ងៃចេញផ្សាយ៖ ២ មករា ២០២៦

សង្ស័យមានការបើកល្បែងស៊ីសងខុសច្បាប់នៅជិតប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ១
ថ្ងៃចេញផ្សាយ៖ ២ មករា ២០២៦


(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានរាយការណ៍មកកាន់បណ្តាញអ្នកសារព័ត៌មានថា មានទីតាំងផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ១ ប្រហែលជាង ៥០ ម៉ែត្រ ត្រូវបានសង្ស័យថាបើកល្បែងស៊ីសងខុសច្បាប់ រួមមាន មាន់ជល់តាមអនឡាញ និងល្បែងឆ្នោតឡូតូ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលើ ត្រូវបានបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេងភ្នាល់ជាប្រចាំ ចាប់ពីម៉ោងប្រហែល ៩ ព្រឹក រហូតដល់ម៉ោង ៩ ឬ ១០ យប់ ដោយមិនឃើញមានការបង្ក្រាបពីអាជ្ញាធរសមត្ថកិច្ចនៅជិតខាងឡើយ។
ប្រភពពីប្រជាពលរដ្ឋបានបញ្ជាក់ជាសំឡេងថា ការបើកល្បែងស៊ីសងនៅក្បែរប៉ុស្តិ៍នគរបាលបែបនេះ មិនមែនជារឿងលាក់លៀម ឬកើតឡើងដោយចៃដន្យនោះទេ ដោយសារតែទីតាំងស្ថិតនៅជិតប៉ុស្តិ៍នគរបាលខ្លាំងពេក។ ដូច្នេះ បានធ្វើឱ្យមហាជនមានការសង្ស័យ និងដាក់សំណួរអំពីការអនុវត្តច្បាប់។
ជុំវិញករណីនេះ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ១ បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់បានដឹងអំពីការបើកល្បែងស៊ីសងនៅទីតាំងខាងលើនោះទេ ហើយបានបញ្ជាឱ្យកម្លាំងក្រោមឱវាទចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង។
យ៉ាងណាមិញ ប្រជាពលរដ្ឋនៅជិតខាងនៅតែរង់ចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងមានចំណាត់ការបិទ ឬបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ឱ្យមានប្រសិទ្ធភាពដែរឬទេ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងការគោរពច្បាប់ក្នុងមូលដ្ឋាន។
មហាជនក៏បានលើកសំណួរថា ប្រសិនបើលោកអធិការខណ្ឌពោធិ៍សែនជ័យ វីរៈសេនីយ៍ឯក ម៉ន វុធី បានទទួលដំណឹងអំពីករណីសង្ស័យមានល្បែងស៊ីសងខុសច្បាប់ នៅជិតប៉ុស្តិ៍នគរបាលបែបនេះ តើនឹងមានវិធានការយ៉ាងដូចម្តេច ដើម្បីធានាឱ្យមានការអនុវត្តច្បាប់ដោយស្មើភាព។
បច្ចុប្បន្ន ប្រជាពលរដ្ឋ និងមហាជនកំពុងរង់ចាំមើលចំណាត់ការពីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់គ្នា។0974216661

Leave a Reply

Your email address will not be published. Required fields are marked *