ទិដ្ឋភាពដង្ហែក្បួន «នគរសង្ក្រាន្ត ២០២៦» នៅចតុមុខ ពោរពេញដោយភាពរីករាយ និងសាមគ្គីភាព

ទិដ្ឋភាពដង្ហែក្បួន «នគរសង្ក្រាន្ត ២០២៦» នៅចតុមុខ ពោរពេញដោយភាពរីករាយ និងសាមគ្គីភាព

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បរិវេណផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ បានប្រារព្ធពិធីដង្ហែក្បួន «នគរសង្ក្រាន្ត ២០២៦» យ៉ាងអធិកអធម និងពោរពេញដោយបរិយាកាសសប្បាយរីករាយ។ពិធីនេះ មានការដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានយុវជន និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ក្បួនដង្ហែមានឈ្មោះថា «សន្ធិការ» ដែលមានន័យថា “ការផ្សារភ្ជាប់” បង្ហាញពីការរួបរួមជាតិ មនោសញ្ចេតនាបងប្អូនក្នុងមហាគ្រួសារខ្មែរ ទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងជាការអំពាវនាវឲ្យប្រជាជនខ្មែរទូទាំងពិភពលោក ត្រឡប់មកលេងប្រទេសកំណើត និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

ជាពិសេស ក្បួននេះក៏បង្ហាញពីការចងចាំ និងដឹងគុណចំពោះវីរកងទ័ពកម្ពុជា ដែលបានបូជាសាច់ឈាម ដើម្បីការពារប្រទេសជាតិ និងសន្តិភាពរបស់ជាតិ។
សូមជម្រាបថា ក្បួនដង្ហែនេះ មានការចូលរួមពីសិល្បករ សិល្បការិនី និងអ្នកស្ម័គ្រចិត្តប្រមាណ ១,៥៥០នាក់ រួមមានរបាំបុរាណ របាំសហសម័យ របាំមជ្ឈឹមប្រទេស ល្បែងប្រជាប្រិយចំនួន ១៦ និងរបាំប្រពៃណីចំនួន ១២ របាំ ព្រមទាំងឈុតរឿង «រាមកេរ្តិ៍» និងទស្សនីយភាពវប្បធម៌ជាច្រើនទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត ២០២៦» ត្រូវបានរៀបចំឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មានកម្មវិធីសិល្បៈ វប្បធម៌ និងសាសនាជាច្រើន នៅតាមទីតាំងសំខាន់ៗ ដូចជា វត្តភ្នំ ផ្សាររាត្រី សួនច្បារវឌ្ឍនៈ និងតំបន់ចតុមុខជាដើម។
នៅថ្ងៃទី២ នៃពិធីបុណ្យនេះ បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងបង្ហាញពីសាមគ្គីភាពរឹងមាំ ក្រោមម្លប់សន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *