Skip to content
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំពិធីទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅវត្តភ្នំ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីទទួលទេវតាឆ្នាំថ្មី នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ព.ស. ២៥៦៩ ឈានចូល ព.ស. ២៥៧០ ដែលប្រព្រឹត្តទៅនៅ វត្តភ្នំ ក្នុងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសដ៏មានន័យសំខាន់នេះ ក៏មានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាតំណាងអាជ្ញាធរមូលដ្ឋាន ដែលបានសហការជាមួយ ស.ស.យ.ក ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ឱ្យប្រព្រឹត្តទៅយ៉ាងអធិកអធម។ ព្រមទាំងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរឆ្នាំថ្មី និងរួមចំណែកថែរក្សាប្រពៃណី វប្បធម៌ដ៏ល្អប្រពៃរបស់ជាតិ។
ពិធីនេះក៏បានបង្ហាញពីស្មារតីដឹងគុណ និងការរួបរួមសាមគ្គីរបស់ប្រជាជាតិខ្មែរ ដោយភ្ជាប់អារម្មណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មី ជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងប្រឈមបញ្ហា ដើម្បីបង្កើនភាពជាឯកភាពជាតិ។
ពិធីទទួលទេវតា គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលប្រជាពលរដ្ឋខ្មែរ តែងគោរពអនុវត្តតាមជំនឿបុរាណយូរលង់។ ពិធីនេះត្រូវបានហៅថា «វារៈមហាសង្ក្រាន្ត» ដែលជាការផ្លាស់ប្តូរទេវតាឆ្នាំចាស់ ទៅទេវតាឆ្នាំថ្មី។ តាមជំនឿ ប្រពៃណីនេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរវេនរបស់រាជបុត្រីទាំង៧អង្គ នៃកបិលមហាព្រហ្ម។
សម្រាប់ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ វារៈមហាសង្ក្រាន្ត ត្រូវនឹងថ្ងៃអង្គារ៍ ដែលជាវេនរបស់ព្រះនាង «រាក្យសាទេវី» រាជបុត្រីទី៣ នៃកបិលមហាព្រហ្ម ដែលឡើងកាន់តំណែងជាទេវតាឆ្នាំថ្មី។ ព្រះនាងគង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម (ផ្កាឈូក) ពាក់អាភរណៈលម្អដោយម៉ោរា។ ព្រះហស្ថស្តាំកាន់ត្រីសូល៍ ព្រះហស្ថឆ្វេងកាន់ធ្នូ ព្រះអាហារជាលោហិត (ឈាម) និងគង់លើសេះ ជាពាហនៈ ដោយមានកិរិយាឈរបើកព្រះនេត្រ។
ព្រះនាងបានយាងចុះនៅថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨ នាទីព្រឹក ដែលជាថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីវប្បធម៌ សិល្បៈ និងសាសនា ជាង២០កម្មវិធី នៅតាមទីតាំងសំខាន់ៗជាច្រើន ក្នុងរាជធានីភ្នំពេញ។
ក្នុងនោះ រួមមានតំបន់ វត្តភ្នំ ភូមិវប្បធម៌ជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ តំបន់អតីតទីលានធិបតេយ្យ និងតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងពីមុខផ្សាររាត្រី រហូតដល់មុខព្រះបរមរាជវាំង។
បន្ថែមពីនេះ ក៏មានទីតាំងតូចៗមួយចំនួនទៀតដូចជា មុខវត្តបុទុមវត្តី បាសាក់ឡេន និងតំបន់ជុំវិញផ្សារទួលទំពូង ក្នុងខណ្ឌចំការមន ព្រមទាំងមានស្តង់បង្ហាញផលិតផលខ្មែរ និងឆាកតន្ត្រីជាច្រើន ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕






























