អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យចាប់ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ ដើម្បីផ្ដន្ទាទោសតាមច្បាប់

អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យចាប់ជនបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ ដើម្បីផ្ដន្ទាទោសតាមច្បាប់
ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវស្វែងរក និងចាប់ខ្លួនជនណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមានមនុស្សស្លាប់ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ដោយមិនអនុញ្ញាតឱ្យរួចផុតពីការទទួលខុសត្រូវឡើយ។
លោកបានបញ្ជាក់ថា ការអនុវត្តវិធានការយ៉ាងតឹងរឹងនេះ គឺដើម្បីជាការក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល។ ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យកម្លាំងសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់រៀបចំដាក់កោនសញ្ញាចរាចរណ៍នៅមុខសាលារៀន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងការពារគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមាន។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំដដែល លោកអភិបាលខេត្តក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស Scam Online ក្នុងមូលដ្ឋានខេត្តកណ្ដាល។
លោកក៏បានជំរុញឱ្យកម្លាំងសមត្ថកិច្ចបន្តតាមដាន និងត្រួតពិនិត្យទីតាំងសង្ស័យជាប្រចាំ ជាពិសេសត្រូវគ្រប់គ្រងទីតាំងដែលបានចុះត្រួតពិនិត្យរួច ដើម្បីធានាថាមិនមានសកម្មភាពបទល្មើស Scam Online កើតមានឡើងវិញ។ ចំពោះវត្ថុតាងដែលរកឃើញ ត្រូវរក្សាទុកឱ្យបានត្រឹមត្រូវ ដើម្បីបញ្ជូនទៅតុលាការចាត់ចែងតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ លោកអភិបាលខេត្តបានស្នើដល់អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តស្រាវជ្រាវ និងតាមដានការស្នាក់នៅខុសច្បាប់នៅតាមលំនៅឋាន ខុនដូ ឬអគារផ្សេងៗក្នុងមូលដ្ឋានក្រុង-ស្រុករបស់ខ្លួន ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានអំពីទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើស Scam Online ដល់សមត្ថកិច្ច ដើម្បីអាចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។
បន្ថែមពីនេះ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាបបញ្ហា ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានឱ្យបានមានប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ លោក គួច ចំរើន បានផ្ដល់រយៈពេល១ខែ ដល់រដ្ឋបាលក្រុងតាខ្មៅ និងស្រុកស្អាង ដើម្បីរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈឡើងវិញ ជាពិសេសការលក់ដូរតាមចិញ្ចើមផ្លូវ ត្រូវធ្វើយ៉ាងណាឱ្យមានរបៀបរៀបរយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការកក់ស្ទះ និងបង្កើនសោភ័ណភាពទីក្រុង។
ដោយឡែក សម្រាប់ការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ លោកអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកណ្ដាលនឹងបន្តរៀបចំកម្មវិធីអបអរសាទរដូចធម្មតា។ លោកបានណែនាំឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បន្តផ្សព្វផ្សាយអំពីការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យស្របតាមប្រពៃណី និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយខ្មែរ និងរៀបចំការលេងល្បែងនៅតាមវត្តអារាមក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
ដោយ៖ ហុក វិបុល

                 

Leave a Reply

Your email address will not be published. Required fields are marked *