សាលាដំបូងខេត្តកណ្តាល បើកសវនាការលើសំណុំរឿងបរិហារកេរ្តិ៍ និងប្រើប្រាស់លិខិតក្លែង ពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង

សាលាដំបូងខេត្តកណ្តាល បើកសវនាការលើសំណុំរឿងបរិហារកេរ្តិ៍ និងប្រើប្រាស់លិខិតក្លែង ពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង
ខេត្តកណ្តាល៖ សាលាដំបូងខេត្តកណ្តាល បានកំណត់បើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលពាក់ព័ន្ធនឹងបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងប្រើប្រាស់លិខិតក្លែង ដែលត្រូវបានអះអាងថាមានដើមចមពីទំនាស់ដីធ្លីមួយករណី ស្ថិតនៅក្នុង ស្រុកស្អាង ខេត្តកណ្តាល។
យោងតាមដីកាបញ្ជូនទៅជំនុំជម្រះរបស់ចៅក្រមស៊ើបសួរ បានឱ្យដឹងថា ជនជាប់ចោទក្នុងសំណុំរឿងនេះមានឈ្មោះ ហម សេរ៉ូម ភេទប្រុស អាយុ ៥១ ឆ្នាំ ដែលត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រើប្រាស់លិខិតក្លែង»។ ករណីនេះត្រូវបានអះអាងថា បានកើតឡើងនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីឆ្នាំ២០២៤ កន្លងទៅ។
ពាក់ព័ន្ធនឹងអង្គហេតុនៃរឿងក្តីនេះ តុលាការក៏បានកោះហៅសាក្សីសំខាន់ម្នាក់មានអាយុ ៧១ ឆ្នាំ ឈ្មោះ ម៉ៅ វៃ ឱ្យចូលខ្លួនបំភ្លឺក្នុងសវនាការ។
តាមការបំភ្លឺរបស់សាក្សី បានឱ្យដឹងថា ដើមចមនៃជម្លោះអាចកើតឡើងពីបញ្ហាដីចំណីផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់ជាទូទៅ។ សាក្សីបានរំលឹកថា តាមប្រវត្តិដើម ដីផ្លូវឆ្លងកាត់នោះ ត្រូវបានបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយលោកតា ហម យូ ដើម្បីអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់។
សាក្សីបានបន្តថា នៅពេលដែលភាគីម្ខាងគឺអ្នកស្រី ឆុង ស្រីណែត ចុះមកវាស់វែង និងរៀបចំធ្វើប្លង់ដី លោក ហម សេរ៉ូម ត្រូវបានគេអះអាងថា បានដឹកនាំប្រជាពលរដ្ឋមួយចំនួនផ្ដិតមេដៃតវ៉ា ដើម្បីមិនឱ្យមានការចុះប្លង់ដីនៅទីតាំងនោះ។
ជាមួយគ្នានេះ សាក្សីក៏បានអះអាងបន្ថែមថា អ្នកស្រី ឆុង ស្រីណែត បានមកដល់ផ្ទះរបស់លោក ហើយព្យាយាមបញ្ចុះបញ្ចូលឱ្យលោកផ្ដិតមេដៃលើក្រដាសស ដោយនិយាយថា៖ «តាឯងចាស់ហើយ ទាត់ចោលទៅលើក្រដាសស»។ តាមការបញ្ជាក់របស់សាក្សី សកម្មភាពនេះត្រូវបានថតទុកជាភស្តុតាងផងដែរ។
ចំពោះជនជាប់ចោទ ហម សេរ៉ូម មិនបានចូលខ្លួនបំភ្លឺផ្ទាល់នៅក្នុងដំណាក់កាលនេះទេ ប៉ុន្តែមានមេធាវីតំណាងការពារសិទ្ធិតាមផ្លូវច្បាប់រួចរាល់ហើយ។
សូមបញ្ជាក់ថា សវនាការនេះត្រូវបានដឹកនាំដោយលោកចៅក្រម សោ សុភា ខណៈដែលតំណាងអយ្យការគឺលោក លាង អ៊ូ។ សវនាការនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅបន្ទប់សវនាការលេខ ០៥ នៃ សាលាដំបូងខេត្តកណ្តាល។
អត្ថបទនេះរាយការណ៍ដោយ អ្នកស្រី ពៅ និមល ជំនួយការចាងហ្វាង។

Leave a Reply

Your email address will not be published. Required fields are marked *