ឧបនាយករដ្ឋមន្រ្តី ស សុខា៖ «អ្នកចេះគឺជាប់», ប្តេជ្ញាចិត្តលុបបំបាត់ «វប្បធម៌អន្តរាគមន៍» ឬ «ខ្សែស្រឡាយ» សម្រាប់ការប្រឡងចូលជាមន្រ្តីនគរបាលជាតិ
(កណ្ដាល)៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជានាចុងសប្ដាហ៍កន្លងទៅ បានរៀបចំការប្រឡងជ្រើសរើសសិស្ស-និស្សិតនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ២០២៥ ដែលមានយុវជនចូលរួមប្រឡងជាច្រើននាក់ ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រឡង។
កម្មវិធីនេះក៏មានវត្តមានអមដំណើរផងដែរពីសំណាក់នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ អភិសន្តិបណ្ឌិតបានថ្លែងថា ក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការលុបបំបាត់ «វប្បធម៌អន្តរាគមន៍» ឬ «ខ្សែស្រឡាយ»។ ការប្រឡងនឹងត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាពបំផុត។
អភិសន្តិបណ្ឌិត ស សុខា បានដាក់ពាក្យស្លោកថា «ចេះគឺជាប់» បេក្ខជនមិនចាំបាច់ស្គាល់អ្នកធំ ឬមានអ្នកជួយជ្រោមជ្រែងឡើយឱ្យតែមានចំណេះដឹងពិតប្រាកដ និងមានការត្រៀមលក្ខណៈសម្បត្តិបានល្អ នោះប្អូនៗនឹងទទួលបានជោគជ័យដោយកិត្តិយស និងមោទនភាពបំផុត។
អភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា «សមត្ថភាព គឺជាសំបុត្រដើមឆ្លងកាត់ដ៏មានតម្លៃបំផុត»។ ដូច្នេះសូមប្អូនៗយុវជនទាំងអស់ ជឿជាក់លើខ្លួនឯង ខិតខំសម្រួចសមត្ថភាពឱ្យបានខ្លាំពូកែ ព្រោះក្រសួងមហាផ្ទៃកំពុងរង់ចាំ ទទួលអ្នក ដែលមានសមត្ថភាពពិត ដើម្បីមកចូលរួមចំណែកកសាង និងអភិវឌ្ឍនគរបាលជាតិឱ្យកាន់តែរឹងមាំ និងទំនើបកម្ម។
អភិសន្ដិបណ្ឌិត បានណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា រឹតបន្តឹងការគ្រប់គ្រងសិស្សនគរបាលលើគ្រប់ទិដ្ឋភាព រួមមាន៖ ការត្រួតពិនិត្យវត្តមាន ការសិក្សា និងការដាក់ពិន្ទុឱ្យបានត្រឹមត្រូវបំផុត។ មន្ត្រីដែលចេញពីសាលា ត្រូវតែជាធនធានដែលមានគុណភាពទាំងសមត្ថភាពបច្ចេកទេស និងសីលធម៌វិជ្ជាជីវៈ។ ជឿជាក់ថា កាលណាមន្ត្រីមានវិន័យ និងសីលធម៌ខ្ពស់ នោះវានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកសាងភាពជឿជាក់ពីប្រជាពលរដ្ឋ និងធ្វើឱ្យសង្គមមានសុខសុវត្ថិភាពយ៉ាងពិតប្រាកដ។
អភិសន្ដិបណ្ឌិត ស សុខា បានបង្ហាញនូវសេចក្តីសប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំង ដែលបានឃើញយុវជនកាន់តែច្រើនឡើង មានស្មារតីស្នេហាជាតិ និងចង់ប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដើម្បីការពារសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម។
លើសនេះ អភិសន្តិបណ្ឌិត ស សុខា សង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន៥ ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គម និងបច្ចេកវិទ្យាផងដែរ ដែលជាចាំបាច់ក្រសួងមហាផ្ទៃមានតម្រូវការ ឆ្លើយតបទៅនឹងភាពជឿនលឿននៃវិស័យឌីជីថល បច្ចេកវិទ្យាយ៉ាងលឿនរហ័សរបស់ពិភពលោក ដូច្នេះយើងត្រូវការចាំបាច់អ្នកខ្លាំងលើវិស័យនេះ។
ដូច្នេះក្រសួងបានបើកផ្លូវ «លើកទឹកចិត្ត» ខ្ពស់បំផុតចំពោះបេក្ខជនដែលមានជំនាញឯកទេស ព័ត៌មានវិទ្យា (IT) បច្ចេកវិទ្យាឌីជីថល និងភាសាបរទេស។ ក្នុងសម័យកាលនេះ ក្រសួងត្រូវការអ្នកប្រើប្រាស់ «បញ្ញាជាអាវុធយុទ្ធសាស្ត្រ» ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសសម័យទំនើប ជាពិសេសបទល្មើសបច្ចេកវិទ្យា (Cybercrimes) និងការបោកប្រាស់អនឡាញ (Scams) ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងពិភពឌីជីថល៕




































