លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨
(ភ្នំពេញ)៖ «ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹងស.ស.យ.ក. ឲ្យកាន់តែមានភាពរឹងមាំ ធន់ និងធានាបាននូវនិរន្តរភាព ឆ្លើយតបទៅនឹងបរិការណ៍ពិភពលោក ដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស»។
នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។
ផ្សាភ្ជាប់នឹងការលើកឡើងខាងលើ លោកបានគូសបញ្ជាក់ថា ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០ នឹងបន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ បន្ថែមពីនេះ ផែនទីបង្ហាញផ្លូវក៏ជាមូលដ្ឋានដ៏រឹងមាំ ក្នុងការបន្តបេសកកម្មថែរក្សាកេរ្តិ៍ដំណែលដែលបន្សល់ទុកពីអតីតយុវជនជំនាន់២ធ្នូ និងបន្តកសាងសមិទ្ធផលថ្មីៗសម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោលការណ៍ «ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី»។
ទន្ទឹមនឹងនេះ លោកប្រធានក៏បានផ្ដល់អនុសាសន៍ និងណែនាំជូនគ្រប់រចនាសម្ព័ន្ធនៅក្នុងអង្គពិធីរួមមាន៖ ១៖ សូមសមាជិក សមាជិកា បន្ដពង្រឹងនិងពង្រីករចនាសម្ព័ន្ធ, ២៖ សូមសមាជិក សមាជិកា ប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក.២.០ ជាមូលដ្ឋាន ក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ និងគុណតម្លៃ ស.ស.យ.ក ជាពិសេសនោះ ការធ្វើនវានុវត្តន៍ ស.ស.យ.ក. ឲ្យកាន់ទំនើបស្របទៅនឹងសម័យឌីជីថល និងបច្ចេកវិទ្យា, ៣៖ ជំរុញអនុវត្ត តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ និង៤៖ បន្ដផ្សព្វផ្សាយដល់សមាជិក សមាជិកា ក្រោមចំណុះខ្លួនឲ្យបានទូលំទូលាយ៕






























