ខេត្តប៉ៃលិន គ្រោងសាងសង់រង្វង់មូលថ្មីលើផ្លូវជាតិលេខ ៥៧ ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍
ប៉ៃលិន៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ បានចុះពិនិត្យទីតាំងគ្រោងសាងសង់រង្វង់មូលថ្មីមួយ នៅលើផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចផ្លូវបំបែកជា៤ ក្បែរវត្តអូរច្រា ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ការសាងសង់រង្វង់មូលនេះ មានគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជាញឹកញាប់នៅតំបន់នេះ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ បាន ស្រីមុំ បានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាទ្រព្យសម្បត្តិសាធារណៈ ព្រមទាំងសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យគម្រោងសម្រេចបានតាមការគ្រោងទុក។
ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខុមាលភាពក្នុងការធ្វើដំណើររបស់ពួកគេ។ដោយ អ៊ុក ទូច

