សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ អគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
06-02-2026 11:15
(ភ្នំពេញ)៖ នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូនលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជាមួយនឹងជំនួបសាវនាកាផងដែរ។
យោងតាមក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះមហាក្សត្រខ្មែរ ទ្រង់បានប្រឈួនជាហេតុដែលព្រះអង្គមិនអាចយាងទទួលបដិសណ្ឋារកិច្ចនូវដំណើរទស្សនកិច្ចរបស់លោក តូ ឡឹម។ ព្រះមហាក្សត្រ ក៏បានព្រះបរមរាជានុញ្ញាតជូនសម្តេចតេជោ ហ៊ុន សែន ជាព្រះរាជតំណាងព្រះអង្គ ទទួលបដិសណ្ឋារកិច្ច និងជួបសវនាការជាមួយលោក តូ ឡឹម នៅក្នុងព្រះបរមរាជវាំង។
សូមបញ្ជាក់ថា លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជា នាព្រឹកថ្ងៃនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលមួយថ្ងៃ។





























