ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងសុខាភិបាល រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការសង្គ្រោះបឋម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា ដោយសហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា–ចិន បានរៀបចំវគ្គបណ្តុះបណ្តាលពិសេស ស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» ដោយមានអ្នកសារព័ត៌មានចូលរួមចំនួន ៨៣ នាក់ មកពី ៥៣ ស្ថាប័ន។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា នៅពេលកើតមានគ្រោះថ្នាក់ ឬជំងឺបន្ទាន់ ជនរងគ្រោះតែងត្រូវការការសង្គ្រោះបឋមជាបន្ទាន់ មុននឹងបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខាភិបាល។ ដូច្នេះ ការផ្តល់ចំណេះដឹងអំពីការសង្គ្រោះបឋមដល់អ្នកសារព័ត៌មាន គឺមានសារៈសំខាន់យ៉ាងខ្លាំង ព្រោះពួកគេអាចជួបប្រទះហេតុការណ៍គ្រោះថ្នាក់ជាញឹកញាប់ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍។
លោកបានបន្ថែមថា ទោះបីអ្នកសារព័ត៌មានមិនមែនជាបុគ្គលិកសុខាភិបាលក៏ដោយ ក៏ការមានចំណេះដឹងអំពីការសង្គ្រោះបឋម អាចជួយរក្សាជីវិតជនរងគ្រោះបានមួយផ្នែក រហូតដល់ក្រុមសង្គ្រោះបន្ទាន់មកដល់ ហេតុនេះវគ្គបណ្តុះបណ្តាលបែបនេះ គឺមានភាពចាំបាច់ និងមានអត្ថប្រយោជន៍ខ្ពស់។
ជាមួយគ្នានេះ លោក វេជ្ជបណ្ឌិត និន ចន្ថា ប្រធានផ្នែកគ្រប់គ្រងរថយន្តសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត បានលើកឡើងថា ការសង្គ្រោះបឋម មិនមែនជាការទទួលខុសត្រូវរបស់បុគ្គលិកសុខាភិបាលតែប៉ុណ្ណោះទេ ប៉ុន្តែប្រជាពលរដ្ឋទូទៅក៏អាចរៀន និងអនុវត្តជំនាញនេះ ដើម្បីជួយសង្គ្រោះអ្នកដទៃ ឬសមាជិកគ្រួសាររបស់ខ្លួនបានផងដែរ។
លោកវេជ្ជបណ្ឌិតបានពន្យល់អំពីចំណុចសំខាន់ៗមួយចំនួន រួមមាន៖
១. ការយល់ដឹងអំពីការសង្គ្រោះបឋម
២. ការគ្រប់គ្រងសុវត្ថិភាពនៅកន្លែងកើតហេតុ
៣. ការសង្កេតសភាពអ្នករងគ្រោះ និងការពិនិត្យការដកដង្ហើម
៤. ការសង្គ្រោះអ្នកជំងឺមានរបួស និងការវាយតម្លៃមុននឹងអនុវត្តការជួយសង្គ្រោះ
លោកបានបញ្ជាក់ថា ការសង្គ្រោះបឋម គឺជាជំនួយដំបូងដែលផ្តល់ឲ្យអ្នករងគ្រោះ នៅពេលមានគ្រោះថ្នាក់ ឬអាការៈបន្ទាន់ ដោយមានគោលបំណងរក្សាជីវិត កាត់បន្ថយភាពធ្ងន់ធ្ងរនៃរបួស និងការពារកុំឲ្យសភាពជំងឺធ្ងន់ធ្ងរឡើង មុនពេលបញ្ជូនទៅកាន់មណ្ឌលសុខាភិបាល។
ការយល់ដឹង និងអនុវត្តការសង្គ្រោះបឋមបានត្រឹមត្រូវ នឹងជួយឲ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន អាចចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះជីវិត និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះថ្នាក់នានា ក្នុងសង្គម។
ដោយ៖ ហុក វិបុល

