ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលើកទិសដៅការងារបន្ត បទបញ្ជា និងសភាពការណ៍ថ្មីៗ សម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកមេបញ្ជាការរង នាយ និងនាយសេនាធិការរង ប្រធានមន្ទីរ នាយ និងនាយរងការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការវរសេនាតូច ព្រមទាំងនាយ និងនាយរងអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចកន្លងមក ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង គោរពបទវិន័យ ក្រមសីលធម៌ សុជីវធម៌ និងប្រកាន់ខ្ជាប់វិជ្ជាជីវៈរបស់កងកម្លាំងយ៉ាងខ្ជាប់ខ្ជួន។
លោកបានលើកឡើងថា កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបំពេញភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បានយ៉ាងល្អប្រសើរ ពិសេសក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជា ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបទល្មើសផ្សេងៗទៀត យ៉ាងម៉ឹងម៉ាត់ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់បទបញ្ជាដល់លោកមេបញ្ជាការរង ប្រធានមន្ទីរជំនាញ និងលោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ត្រូវបន្តអនុវត្តតួនាទីភារកិច្ចឲ្យមានប្រសិទ្ធភាពខ្ពស់ រក្សាស្នាដៃឲ្យកាន់តែប្រសើរ ស្របតាមស្ថានភាពសង្គមជាក់ស្តែង។
ជាពិសេស ត្រូវយកចិត្តទុកដាក់សហការជាមួយគណៈបញ្ជាការឯកភាពរាជធានី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបទីតាំងល្បែងអនឡាញ និងការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមភូមិសាស្ត្ររៀងៗខ្លួនឲ្យខានតែបាន ហើយហាមដាច់ខាតការចូលរួម សមគំនិត ឬលាក់បំបាំងបទល្មើស ក្នុងករណីមានការពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមច្បាប់ដោយមិនមានការលើកលែងឡើយ៕
ដោយ៖ ហុក វិបុល

