ច្បាប់អនុញ្ញាតឲ្យដឹកកូនឈើតូចៗ ប៉ុន្តែមានការដឹកឈើលេខ១ទំហំធំ ខុសពីលិខិតអនុញ្ញាត

ច្បាប់អនុញ្ញាតឲ្យដឹកកូនឈើតូចៗ ប៉ុន្តែមានការដឹកឈើលេខ១ទំហំធំ ខុសពីលិខិតអនុញ្ញាត
កណ្តាល៖ រថយន្តវ៉េអងខ្នាតយក្សចំនួន ១ គ្រឿង ត្រូវបានប្រទះឃើញដឹកឈើប្រភេទលេខ១ ពេញរថយន្ត មកទម្លាក់នៅដីមួយកន្លែង ស្ថិតក្នុងភូមិព្រៃគោ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
យោងតាមលិខិតអនុញ្ញាតរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ដែលអង្គភាពសារព័ត៌មានយើងទទួលបានពីលោក សរ ថាន មន្ត្រីនៃមន្ទីររដ្ឋបាលព្រៃឈើ ខេត្តកណ្តាល បានបញ្ជាក់ថា លិខិតអនុញ្ញាតបានអនុញ្ញាតឲ្យ លោក អៀង ប៊ុនថន តំណាងក្រុមហ៊ុន ខ្មែរអេឡិកទ្រីខលផៅវ័រ ដឹកជញ្ជូនផល និងអនុផលព្រៃឈើ រួមមាន៖
កូនឈើប្រភេទលេខ១ ទំហំ ១៥.៣០ សង់ទីម៉ែត្រ ចំនួន ៦ ដើម (ស្មើ ២៦ កំណាត់)
កូនឈើដើមចម្រុះ ទំហំគល់តូចជាង ១៥ សង់ទីម៉ែត្រ ចំនួន ២២ ដើម (ស្មើ ៤៤ កំណាត់)
ការដឹកជញ្ជូនត្រូវបានអនុញ្ញាតឲ្យប្រើរថយន្តម៉ាក ហ៊ីណូ ស្លាកលេខ ភ្នំពេញ-3F.3385 និងរ៉ឺម៉កស្លាកលេខ 4A.3053។
ទោះជាយ៉ាងណា តាមការសង្កេតជាក់ស្តែង ឈើដែលត្រូវបានដឹកមកមានទំហំធំៗ ដែលភាគច្រើនលើសពី ១៥ សង់ទីម៉ែត្រ ខុសពីខ្លឹមសារនៃលិខិតអនុញ្ញាត ដែលច្បាប់មិនបានអនុញ្ញាតឲ្យដឹកជញ្ជូននោះទេ។
ពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើខាងលើនេះ ភ្នាក់ងាររបស់យើងបានទំនាក់ទំនងទៅ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ ដែលបានឆ្លើយតបថា នឹងចាត់ឱ្យអាជ្ញាធរឃុំចុះទៅពិនិត្យជាក់ស្តែង។
ចំណែក លោក គីម អៀង មេបញ្ជាការកងរាជអាវុធហត្ថស្រុកពញាឮ បានឲ្យដឹងថា នឹងបញ្ជាកម្លាំងចុះទៅពិនិត្យ ប៉ុន្តែក្រោយមកបានជូនដំណឹងថា កម្លាំងជាប់បេសកកម្មផ្សេងៗ។
ដោយឡែក លោក ស ថាន់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកណ្តាល បានប្រាប់អង្គភាពសារព័ត៌មានថា ទីតាំងខាងលើមានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយបានផ្ញើឯកសារពាក់ព័ន្ធមកអង្គភាពសារព័ត៌មាន រួមមានលិខិតអនុញ្ញាតឲ្យបង្កើតរោងសិប្បកម្មកែច្នៃឈើប្រភេទតូច របស់ លោក សូត បូរ័ត។
យ៉ាងណាមិញ ចំពោះឈើដែលត្រូវបានដឹកមកដាក់នៅទីតាំងខាងលើនេះ អ្នកជំនាញ និងមតិសាធារណៈ ស្នើសុំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីជៀសវាងករណីប្រើប្រាស់លិខិតអនុញ្ញាតមួយ ប៉ុន្តែអនុវត្តផ្ទុយពីខ្លឹមសារច្បាប់ ហើយបើរកឃើញការល្មើស គួរតែមានវិធានការតាមច្បាប់ចំពោះភាគីពាក់ព័ន្ធ។
ទាក់ទិននឹងករណីនេះ មានតែមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធប៉ុណ្ណោះ ដែលអាចបញ្ជាក់ពីភាពត្រឹមត្រូវតាមច្បាប់នៃការអនុញ្ញាតបាន ហើយអង្គភាពសារព័ត៌មានយើង នឹងរង់ចាំការបំភ្លឺជាផ្លូវការ និងបន្តតាមដានព័ត៌មាននេះជាបន្តទៀត៕
ដោយ៖ 097 421 6661

Leave a Reply

Your email address will not be published. Required fields are marked *