តើមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្ដាល បានពិនិត្យ និងទទួលដឹងអំពីវត្តមានកម្មករជនជាតិបង់ក្លាដេសជាង ២០នាក់ នៅក្នុងការដ្ឋានសំណង់នេះដែរឬទេ?

សាងសង់អគាររោងចក្រជាង ៥០% ទើបស្នើសុំច្បាប់៖ មន្ត្រីអះអាងថា «យោគយល់ដើម្បីទាក់ទាញវិនិយោគ»
កណ្ដាល៖ សំណង់អគាររោងចក្រ​មួយកន្លែង ស្ថិតនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កំពុងដំណើរការសាងសង់យ៉ាងរលូន ដោយមានកម្មករប្រមាណជិត ៥០នាក់ ក្នុងនោះមានជនបរទេសជាជនជាតិបង់ក្លាដេស ជាង ២០នាក់ ខណៈសំណង់នេះត្រូវបានអះអាងថា បានសាងសង់រួចរាល់ជាង ៥០ភាគរយហើយ ទើបដាក់ពាក្យសុំច្បាប់សាងសង់។
ប្រជាពលរដ្ឋក្នុងសហគមន៍ខាងលើ បានលើកឡើងថា សំណង់អគាររោងចក្រនេះ ទំនងជាពុំទាន់មានច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវនៅឡើយ ដែលបង្កឲ្យមានការព្រួយបារម្ភអំពីការគោរពច្បាប់ និងសុវត្ថិភាព។
មេការដ្ឋានសំណង់ម្នាក់ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ថា ថៅកែអគាររោងចក្រខាងលើ ជាជនជាតិចិន ហើយបានចាកចេញទៅក្រៅប្រទេស។ លោកបញ្ជាក់ថា សំណង់នេះមិនទាន់ទទួលបានការអនុញ្ញាតច្បាប់ជាផ្លូវការនៅឡើយ ខណៈកម្មករដឹងតែបំពេញការងាររបស់ខ្លួនប៉ុណ្ណោះ។ មេការដដែល ដែលទើបចូលធ្វើការបានរយៈពេលប្រមាណ ២ថ្ងៃ បានបន្ថែមថា នៅក្នុងការដ្ឋានមានកម្មករជិត ៥០នាក់ ក្នុងនោះមានជនជាតិបង់ក្លាដេសជាង ២០នាក់ផងដែរ។
លោក អ៊ឹម ប៊ុនថុល អភិបាលរងស្រុកស្អាង ទទួលបន្ទុកការងារសំណង់ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនសំណង់ខាងលើ បានដាក់ពាក្យសុំច្បាប់ទៅមន្ទីរជំនាញរួចហើយ។ លោកបន្ថែមថា ករណីនេះ គឺជាការយោគយល់ និងជាការលើកទឹកចិត្តដល់អ្នកវិនិយោគ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស។
ទោះជាយ៉ាងណា មន្ត្រីមួយចំនួននៅក្នុងខេត្តកណ្ដាល បានលើកឡើងថា ការអនុញ្ញាតឲ្យសាងសង់មុនពេលទទួលបានច្បាប់ត្រឹមត្រូវ មិនមែនជាការអនុវត្តត្រឹមត្រូវតាមច្បាប់ឡើយ។ ពួកគេអះអាងថា ការលើកទឹកចិត្តការវិនិយោគ គួរត្រូវធ្វើស្របតាមច្បាប់ និងនីតិវិធី ដើម្បីជៀសវាងការបង្កើតគំរូអាក្រក់ក្នុងការគ្រប់គ្រងសំណង់។
សម្រាប់ប្រជាពលរដ្ឋនៅស្រុកស្អាង បន្ថែមពីលើបញ្ហាសំណង់មិនទាន់មានច្បាប់ត្រឹមត្រូវ ក៏មានការព្រួយបារម្ភអំពីការជួលកម្មករជនបរទេសផងដែរ។ ពួកគេសួរថា តើមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកណ្ដាល បានពិនិត្យ និងទទួលដឹងអំពីវត្តមានកម្មករជនជាតិបង់ក្លាដេសជាង ២០នាក់ នៅក្នុងការដ្ឋានសំណង់នេះដែរឬទេ?
ករណីនេះ នឹងត្រូវរង់ចាំការវិនិច្ឆ័យ និងវិធានការបន្តពីថ្នាក់ដឹកនាំខេត្តកណ្ដាល និងក្រសួងមហាផ្ទៃ៕

Leave a Reply

Your email address will not be published. Required fields are marked *