សង្វៀនជល់មាន់ក្នុង “កាស៊ីណូ ៦៧” ក្បែរច្រកទ្វារព្រំដែនសំរោង ត្រូវបានបិទជាផ្លូវការ

ខេត្តស្វាយរៀង ៖ ទីតាំងសង្វៀនជល់មាន់ ដែលជ្រកក្រោមដំបូល កាស៊ីណូ ៦៧ ស្ថិតនៅឃុំសំរោង ស្រុកចន្រ្ទា ជាប់ច្រកទ្វារព្រំដែនទ្វេភាគីសំរោង (ហៅសៀងហៃ) ត្រូវបានបិទជាផ្លូវការ បន្ទាប់ពីបណ្ដាញសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយយ៉ាងផ្អើលពេញស្រុកខ្មែរ។
កន្លងមក ទីតាំងល្បែងជល់មាន់ខាងលើ ត្រូវបានគេរាយការណ៍ថា មានសកម្មភាពលេងល្បែងស៊ីសងយ៉ាងកក្រើក ឬហៅថា “ក្ដៅរាប់មុឺនអង្សារ” ដោយមានមនុស្សចេញចូលជាច្រើន ដែលបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់មហាជន និងប្រជាពលរដ្ឋនៅតំបន់ជាប់ព្រំដែន។
ក្រោយពីការចុះផ្សាយព័ត៌មាន និងការតាមដានយកចិត្តទុកដាក់ពីសាធារណជន ព្រមទាំងស្ថាប័នពាក់ព័ន្ធ ទីតាំងល្បែងជល់មាន់ជ្រកក្រោមដំបូលកាស៊ីណូ ៦៧ ត្រូវបានបិទ បញ្ចប់សកម្មភាពល្បែងស៊ីសង ដែលធ្លាប់បង្កភាពចម្រូងចម្រាស និងការព្រួយបារម្ភអំពីសន្តិសុខ សណ្តាប់ធ្នាប់សង្គម។
ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ និងសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់រូបភាព មិនឲ្យកើតមានឡើងជាថ្មីនៅតាមតំបន់ព្រំដែន និងទីតាំងផ្សេងៗទៀត៕



