ពលរដ្ឋជាង ១០០នាក់ ប្រមូលផ្តុំតវ៉ាបិទផ្លូវ មុខក្រសួងរៀបចំដែនដី ស្នើអន្តរាគមន៍ករណីបុរីលំនៅដ្ឋាន
ភ្នំពេញ៖ ពលរដ្ឋជាង ១០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នាបិទផ្លូវតវ៉ា នៅមុខ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញឱ្យក្រសួងចូលធ្វើអន្តរាគមន៍ និងស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងករណី គម្រោងបុរីលំនៅដ្ឋាន ដែលគ្រប់គ្រងដោយលោក ឡេង ណាវ៉ាត្រា។
ក្រុមពលរដ្ឋបានអះអាងថា ពួកគេបានបង់ប្រាក់ទិញដី ឬផ្ទះ អស់រយៈពេលជិត ប្រាំឆ្នាំ មកហើយ ប៉ុន្តែមិនទាន់ទទួលបានការប្រគល់ដី ឬផ្ទះ តាមកិច្ចសន្យានោះទេ។
អ្នកតវ៉ាបានឲ្យដឹងថា ពួកគេមកពីគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ឡេង ណាវ៉ាត្រា រួមមាន គម្រោងនៅតាមបណ្តោយ ផ្លូវជាតិលេខ 6A និងតំបន់ ជ្រៃ ១០០ ជាដើម។
ពលរដ្ឋទាំងនេះ បានស្នើឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងរៀបចំដែនដី ចូលរួមដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស និងយុត្តិធម៌ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។

