ព្រៃកោងកាង និងព្រៃលិចទឹករាប់រយហិកតា នៅឃុំជ្រោយស្វាយ ត្រូវបានសង្ស័យថារងការទន្ទ្រាន និងឈូសឆាយ

ព្រៃកោងកាង និងព្រៃលិចទឹករាប់រយហិកតា នៅឃុំជ្រោយស្វាយ ត្រូវបានសង្ស័យថារងការទន្ទ្រាន និងឈូសឆាយ
ខេត្តកោះកុង៖ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពព្រៃលិចទឹក និងព្រៃកោងកាង ស្ថិតនៅភូមិសារ៉ាយខាងជើង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
តាមការរាយការណ៍ពីប្រភពក្នុងមូលដ្ឋាន តំបន់ព្រៃធម្មជាតិមួយចំនួន ត្រូវបានសង្ស័យថា កំពុងរងការកាប់បំផ្លាញ ចាក់ដី ឈូសឆាយ និងព័ទ្ធរបង ដើម្បីទន្ទ្រានកាន់កាប់។ ប្រជាពលរដ្ឋបានស្នើឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្តែង និងបញ្ជាក់ថា សកម្មភាពទាំងនេះមានការអនុញ្ញាតស្របច្បាប់ ឬជាការទន្ទ្រានដីធម្មជាតិរបស់រដ្ឋ។
ព្រៃកោងកាង និងព្រៃលិចទឹក មានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងជីវភាពប្រជាពលរដ្ឋនៅតំបន់ឆ្នេរ ព្រោះជាជម្រក និងជាតំបន់បន្តពូជរបស់សត្វទឹកជាច្រើនប្រភេទ ព្រមទាំងជួយការពារឆ្នេរ និងបរិស្ថានធម្មជាតិ។
ជុំវិញករណីនេះ អ្នកសារព័ត៌មានបានព្យាយាមទាក់ទងលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ដើម្បីស្នើសុំការបំភ្លឺ។ តាមការអះអាងរបស់អ្នកសារព័ត៌មាន លោកបានបញ្ជាក់ថាកំពុងជាប់រវល់ ដូច្នេះមិនអាចផ្តល់ការបំភ្លឺបានពេញលេញ។
ចំណែកលោក មួយ គួង ប្រធានស្នាក់ការបរិស្ថានប្រចាំស្រុកស្រែអំបិល ក៏មិនទាន់អាចផ្តល់ការបំភ្លឺបានពេញលេញតាមការទំនាក់ទំនងតាមទូរសព្ទរបស់អ្នកសារព័ត៌មាន។
សារព័ត៌មាន ពន្លឺព្រះធម៌ រង់ចាំការបំភ្លឺពីអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងក្រសួងពាក់ព័ន្ធ ដើម្បីបញ្ជាក់ការពិតអំពីស្ថានភាពទីតាំងខាងលើ និងវិធានការដែលអាជ្ញាធរមានសមត្ថកិច្ចអាចចាត់ចែង។
ជាពិសេស សាធារណជនកំពុងរង់ចាំការបំភ្លឺពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោកជំទាវ ជី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ថាតើអាជ្ញាធរបានទទួលព័ត៌មានអំពីករណីនេះហើយឬនៅ និងមានវិធានការចុះត្រួតពិនិត្យ និងការពារធនធានធម្មជាតិនៅតំបន់នេះយ៉ាងដូចម្តេច?
សារព័ត៌មានពន្លឺព្រះធម៌ សូមអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធមេត្តាចុះពិនិត្យ និងបញ្ជាក់ការពិត ដើម្បីការពារធនធានធម្មជាតិ និងផលប្រយោជន៍សាធារណៈ។
ទំនាក់ទំនងផ្សាយពន្លឺព្រះធម៌៖
☎️ 097 421 6661
☎️ 071 799 6662
☎️ 071 288 8480
☎️ 096 979 7966

Leave a Reply

Your email address will not be published. Required fields are marked *