មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំដោះស្រាយវិវាទដីប្រមាណ ១៧ ហិកតា នៅក្រុងអរិយក្សត្រ
កណ្តាល៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួម និងដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយករណីវិវាទដីមួយកន្លែង មានទំហំប្រមាណ ១៧ ហិកតា ដែលស្ថិតនៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ឈូក បណ្ឌិត អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល, ឯកឧត្តម កៃ វិសាល អគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ, លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល, លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ព្រមទាំងមន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត និងក្រុង។
ក្រៅពីនេះ ក៏មានការចូលរួមពីលោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងតំណាងភាគីវិវាទ រួមមានលោក ភឺន ផារិទ្ធិ និងលោក នួន រតនៈ (តំណាងភាគី) និងលោក ឡុញ សុវណ្ណ និងអ្នកស្រី ខាំ ភារី (តំណាងភាគី) ដើម្បីចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះករណីវិវាទខាងលើ។
កិច្ចប្រជុំពិនិត្យ និងដោះស្រាយនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុងអរិយក្សត្រ ខេត្តកណ្តាល។
តាមព័ត៌មានដែលទទួលបាន កិច្ចប្រជុំនេះមិនទាន់សម្រេចបានលទ្ធផលជាក់លាក់នៅឡើយទេ ហើយគ្រោងនឹងបន្តកិច្ចប្រជុំម្តងទៀតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ប្រសិនបើមិនមានការកែប្រែកាលបរិច្ឆេទ។
ជុំវិញមូលហេតុ និងប្រវត្តិនៃវិវាទដីខាងលើ នៅមិនទាន់មានព័ត៌មានលម្អិតដែលអាចបញ្ជាក់បានជាសាធារណៈនៅឡើយទេ។ ដូច្នេះ សារព័ត៌មាន ភីអិលភីធីណេតខ្មែរ (PLPT.NET) នឹងបន្តតាមដាន និងស្វែងរកព័ត៌មានបន្ថែមពីភាគីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជូនព័ត៌មានដល់សាធារណជនអំពីលទ្ធផលនៃការដោះស្រាយនៅពេលបន្ទាប់។
សារព័ត៌មាន ភីអិលភីធីណេតខ្មែរ (PLPT.NET)
រាយការណ៍ដោយ៖ ភ្នាក់ងារសារព័ត៌មាន

