ឯកឧត្តមបណ្ឌិត ឈួន ដារា ដឹកនាំដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំត្រើយស្លា
កណ្តាល៖ នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈួន ដារា ប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានអញ្ជើញជាអធិបតី និងដឹកនាំដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំត្រើយស្លា។
ក្នុងឱកាសនោះ មានបេក្ខភាពយុវជនគណបក្សចំនួន ៥រូប ត្រូវបានដាក់ឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ស្របតាមគោលការណ៍ លក្ខន្តិកៈ និងនីតិវិធីរបស់គណបក្ស ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចបម្រើការងារគណបក្ស និងសង្គមជាតិ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ឈួន ដារា បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់បេក្ខភាពយុវជនទាំង ៥រូប ឱ្យបន្តពង្រឹងសមត្ថភាព ចូលរួមសកម្មភាពសង្គម និងរក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមចំណែកពង្រឹងរចនាសម្ព័ន្ធដឹកនាំយុវជនឱ្យកាន់តែមានប្រសិទ្ធភាព និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងគណបក្សនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។
កម្មវិធីនេះក៏មានការចូលរួមពីលោក ប៉ាវ ប៉េង មេឃុំត្រើយស្លា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស និងយុវជនពាក់ព័ន្ធជាច្រើនរូប ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព ប្រជាធិបតេយ្យ តម្លាភាព និងការទទួលខុសត្រូវខ្ពស់។

