ឯកឧត្តម គី សុខគីម៖ កិច្ចសហប្រតិបត្តិការដែលដឹកនាំដោយវិស័យឧស្សាហកម្ម គឺជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញនៅកម្ពុជា

ឯកឧត្តម គី សុខគីម៖ កិច្ចសហប្រតិបត្តិការដែលដឹកនាំដោយវិស័យឧស្សាហកម្ម គឺជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund – SDF) បានថ្លែងមតិស្វាគមន៍ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ស្តីពី «ការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយវិស័យឧស្សាហកម្ម» ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្ល រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ។
ក្នុងមតិស្វាគមន៍ ឯកឧត្តម គី សុខគីម បានសម្តែងនូវការគោរព និងអំណរគុណចំពោះថ្នាក់ដឹកនាំជាតិ សមាជិកក្រុមប្រឹក្សាបរធនបាល តំណាងសហព័ន្ធ សមាគម ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមបានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឧស្សាហកម្ម ដើម្បីធានាថា ការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងគាំទ្រយ៉ាងសកម្មដល់បេសកកម្មរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស និងពង្រឹងប្រព័ន្ធអភិវឌ្ឍជំនាញនៅកម្ពុជា។
កម្មវិធីចុះហត្ថលេខានេះមានគោលបំណងបង្កើតភាពជាដៃគូយូរអង្វែង និងជំរុញការអភិវឌ្ឍជំនាញដែលដឹកនាំដោយវិស័យឧស្សាហកម្ម ដើម្បីឱ្យកម្លាំងពលកម្មកម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *