ឯកឧត្តមបណ្ឌិត ឈួន ដារា ដឹកនាំផ្សព្វផ្សាយអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអញ្ជើញដឹកនាំដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំត្រើយស្លា
កណ្តាល៖ នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈួន ដារា ប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានអញ្ជើញជាអធិបតី ដឹកនាំផ្សព្វផ្សាយអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងដឹកនាំដំណើរការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំត្រើយស្លា។
ក្នុងឱកាសនោះ មានបេក្ខភាពយុវជនគណបក្សចំនួន ៥រូប ត្រូវបានដាក់ឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយអនុវត្តស្របតាមគោលការណ៍ លក្ខន្តិកៈ និងនីតិវិធីរបស់គណបក្ស ក្នុងគោលបំណងជ្រើសរើសថ្នាក់ដឹកនាំដែលមានសមត្ថភាព សីលធម៌ ការទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈបម្រើផលប្រយោជន៍របស់គណបក្ស និងសង្គមជាតិ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ឈួន ដារា បានលើកទឹកចិត្តដល់បេក្ខភាពយុវជនទាំង៥រូប ឱ្យបន្តពង្រឹងសមត្ថភាព ចូលរួមសកម្មភាពសង្គមដោយស្មារតីទទួលខុសត្រូវខ្ពស់ រក្សាសាមគ្គីភាពផ្ទៃក្នុង និងរួមចំណែកពង្រឹងរចនាសម្ព័ន្ធដឹកនាំយុវជនឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍនៅមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ពីខ្លឹមសារសំខាន់ៗនៃអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយជំរុញឱ្យយុវជនបន្តលើកកម្ពស់សាមគ្គីភាព វិន័យ ការទទួលខុសត្រូវ និងការចូលរួមអភិវឌ្ឍសហគមន៍ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
កម្មវិធីនេះ ក៏មានការចូលរួមពីលោក ប៉ាវ ប៉េង មេឃុំត្រើយស្លា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស និងយុវជនពាក់ព័ន្ធជាច្រើនរូប។ ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព ប្រជាធិបតេយ្យ តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ និងលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា។

