យុត្តិធម៌មានទេសម្រាប់អ្នកក្រីក្រ ខណៈកូនស្រីជាជនពិការភាពត្រូវបានរំលោភ តែជនសង្ស័យនៅក្រៅឃុំ?

យុត្តិធម៌មានទេសម្រាប់អ្នកក្រីក្រ ខណៈកូនស្រីជាជនពិការភាពត្រូវបានរំលោភ តែជនសង្ស័យនៅក្រៅឃុំ?
ខេត្តកំពត៖ អ្នកស្រី នង នីម អាយុ៦២ឆ្នាំ បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងថា គាត់មានការសោកស្តាយ និងមានសំណួរយ៉ាងខ្លាំងចំពោះប្រព័ន្ធយុត្តិធម៌ ខណៈកូនស្រីរបស់គាត់ ដែលជាជនពិការភាព (មនុស្ស “គ”) ត្រូវបានជនសង្ស័យចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន ជនសង្ស័យនៅតែមានសេរីភាពនៅក្រៅឃុំ។
អ្នកស្រីបានបន្តថា ទោះបីសាលាដំបូងខេត្តកំពតបានចេញសាលក្រមផ្តន្ទាទោសជនជាប់ចោទរួចហើយក៏ដោយ ប៉ុន្តែក្រុមគ្រួសាររបស់គាត់មិនទាន់ទទួលបានសំណង និងមិនទាន់ទទួលបានយុត្តិធម៌ពេញលេញនៅឡើយទេ ខណៈជនជាប់ចោទនៅតែរស់នៅដោយសេរីភាព។
យោងតាមឯកសារផ្លូវការ សាលាដំបូងខេត្តកំពតបានចេញ សាលក្រមព្រហ្មទណ្ឌលេខ ៣៧៦ (ឃ) ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដែលបានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ុង ណោស អាយុ៦៥ឆ្នាំ ឱ្យជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ពីបទរំលោភសេពសន្ថវៈ និងបញ្ជាឲ្យសងជំងឺចិត្តចំនួន ៩,០០០,០០០ រៀល ជូនដល់ជនរងគ្រោះ។ សាលក្រមនេះបានចូលជាស្ថាពរ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
ទោះជាយ៉ាងណា អ្នកស្រីនង នីម បានអះអាងថា មកទល់ពេលនេះ ជនជាប់ចោទមិនទាន់បានអនុវត្តទោស និងមិនទាន់បានបង់សំណងដល់ជនរងគ្រោះឡើយ ខណៈខ្លួននៅតែស្ថិតនៅក្រៅឃុំ។
អ្នកស្រីបានស្នើសុំទៅកាន់ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពត មេត្តាពិនិត្យ និងចាត់វិធានការលើការអនុវត្តសាលក្រមនេះឡើងវិញ ដើម្បីធានាថា មានការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ និងផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះ ដែលជាជនងាយរងគ្រោះក្នុងសង្គម។
ករណីនេះផ្អែកលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨២២ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ និងត្រូវបានជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ មុនពេលប្រកាសសាលក្រមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្អែកតាមបទបញ្ញត្តិមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ។
មាត្រា ៥២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ក៏បានកំណត់អំពីការអនុវត្តសាលក្រមផងដែរ ប៉ុន្តែជាក់ស្តែង ការអនុវត្តនៅតែមានភាពយឺតយ៉ាវ ដែលធ្វើឲ្យជនរងគ្រោះ និងគ្រួសាររងទុក្ខព្រួយយូរអង្វែង។
ជាមួយគ្នានេះ អ្នកស្រីនង នីម បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យសំណុំរឿងនេះឡើងវិញ ដើម្បីធានាថា “យុត្តិធម៌” មិនត្រូវក្លាយជារឿងឆ្ងាយសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះឡើយ។
រាយការណ៍ដោយ៖ លោក ហុក វិបុល
ទូរស័ព្ទ៖ 097 421 6661

Leave a Reply

Your email address will not be published. Required fields are marked *