ភ្នំពេញ ៖ មានករណីបោកប្រាស់តាមប្រព័ន្ធអនឡាញមួយកើតឡើង ដោយគណនី Facebook មួយឈ្មោះ «ហាងរតនា លក់ទូរស័ព្ទអាមេរិក មិនល្អមិនលក់» ត្រូវបានចោទប្រកាន់ថាបានបោកប្រាស់ប្រាក់ពីអតិថិជនក្រោមរូបភាពលក់ទូរស័ព្ទដៃ។
យោងតាមព័ត៌មាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ គណនី Facebook ខាងលើបានបង្ហោះលក់ទូរស័ព្ទដៃម៉ាក iPhone ដោយអះអាងថាជាផលិតផលមានគុណភាពល្អនាំចូលពីសហរដ្ឋអាមេរិក។
បុរសម្នាក់ឈ្មោះ ថារី បានចាប់អារម្មណ៍ និងសម្រេចបញ្ជាទិញតាមអនឡាញក្នុងតម្លៃ ៧០ដុល្លារ (គិតជាលុយខ្មែរ ២៨ម៉ឺនរៀល)។ បន្ទាប់មក អ្នកលក់បានទាមទារបន្ថែម ២០ដុល្លារ ( គិតជាលុយខ្មែរ ៨ម៉ឺនរៀល) សម្រាប់ថ្លៃដឹកជញ្ជូន និងសេវាកម្មផ្សេងៗ។
ប្រភពដដែលបន្តថា អ្នកលក់បានផ្តល់ QR Code ដែលមានឈ្មោះ “CHOEUN KOEMLON” ដើម្បីទទួលប្រាក់ ហើយជនរងគ្រោះបានផ្ទេរប្រាក់ទាំងអស់តាមការទាមទារ។
ទោះជាយ៉ាងណា បន្ទាប់ពីបង់ប្រាក់រួច ទូរស័ព្ទមិនត្រូវបានដឹកជូនដល់ដៃ ហើយក៏មិនអាចទំនាក់ទំនងអ្នកលក់បានទៀតផង។
ករណីនេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការទិញទំនិញតាមអនឡាញ ដែលកំពុងកើនឡើងនៃការបោកប្រាស់។
អាជ្ញាធរ និងប្រភពពាក់ព័ន្ធ បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ មុននឹងធ្វើការទិញទំនិញតាមអ៊ីនធឺណិត ជាពិសេសការផ្ទេរប្រាក់ជាមុន។ គួរតែជ្រើសរើសអ្នកលក់ដែលមានភាពទុកចិត្តបាន ឬរង់ចាំទទួលទំនិញជាមុនសិន មុននឹងបង់ប្រាក់ ដើម្បីជៀសវាងការខាតបង់ទ្រព្យសម្បត្តិ៕ ដោយ រស្មី 54








