លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ដឹកនាំដង្ហែក្បួន «នគរសង្ក្រាន្តឆ្នាំ២០២៦» យ៉ាងអធិកអធមនៅតំបន់ចតុមុខ
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី៥ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានដឹកនាំយុវជន និងមហាជនយ៉ាងច្រើនកុះករ ដង្ហែក្បួនព្យុហយាត្រានគរសង្ក្រាន្ត លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ មុខវត្តឧណ្ណាលោម។
ក្នុងពិធីដង្ហែក្បួននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីភរិយាអភិបាលរាជធានីភ្នំពេញ ព្រមទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ ក្នុងបរិយាកាសរីករាយ សាមគ្គីភាព និងសុខសុវត្ថិភាព ក្រោមម្លប់នៃសន្តិភាព។ គួរកត់សម្គាល់ថា ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរខ្លាំង ដោយពុំមានហេតុការណ៍ណាមួយបង្កគ្រោះថ្នាក់ដល់អ្នកចូលរួមឡើយ។
ក្បួនដង្ហែនៃព្រឹត្តិការណ៍ដ៏ធំធេងនេះ មានការចូលរួមពីកម្លាំងយុវជន និងសិល្បករសរុបចំនួន ១,៥៥០នាក់ ដែលរួមមានទស្សនីយភាពចម្រុះដូចជា៖
- ក្បួនវិទ្យាល័យ និងក្បួនអូរផ្ទៃស្រុកខ្មែរ
- ក្បួនផ្ចិត និងក្បួនរបក្សា
- ក្បួនមាលាវត្តី និងក្បួនបស្ចឹមប្រទេស
- ក្បួនល្ខោនខោល និងរទេះបុរាណ
- របាំទៀន, របាំជូនពរ, របាំប្រពៃណី និងរបាំត្រុដិ
- ក្បួនទេវតា និងតួអង្គក្នុងរឿងរាមកេរ្តិ៍ជាដើម។
សូមបញ្ជាក់ថា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា។ ព្រឹត្តិការណ៍នេះមានការបង្ហាញទស្សនីយភាពវប្បធម៌ សិល្បៈ និងសាសនា ជាង ២០កម្មវិធីធំៗ នៅតាមទីតាំងសំខាន់ៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ, ភូមិវប្បធម៌ (ក្បែរផ្សាររាត្រី), សួនច្បារវឌ្ឍនៈ, អតីតសួនទីលានប្រជាធិបតេយ្យ និងតំបន់ផ្លូវថ្មើរជើងចតុមុខ។
ដោយឡែក នៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងចាប់ពីមុខផ្សាររាត្រី រហូតដល់មុខព្រះបរមរាជវាំង ក៏មានការរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរជាច្រើន អមដោយឆាកប្រគំតន្ត្រីតូចធំចំនួន ៣កន្លែង ដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនដែលមកកម្សាន្តផងដែរ៕












