ខេត្តប៉ៃលិន÷សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានរៀបចំយុទ្ធនាការ «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា» នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមយ៉ាងសកម្មពីសាធារណជន ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់លើដងផ្លូវ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដោយមានការចូលរួមពីលោក គួន មករា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ អនុសាខាក្រុង/ស្រុក មន្ត្រីប្រតិបត្តិ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត កងកម្លាំងនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋជាច្រើននាក់។
ក្នុងយុទ្ធនាការនេះ ក៏មានការផ្សព្វផ្សាយអប់រំអំពីការគោរពច្បាប់ចរាចរណ៍ ដូចជា ការពាក់មួកសុវត្ថិភាព ការពាក់ខ្សែក្រវាត់សុវត្ថិភាព ការមិនបើកបរខណៈស្រវឹង ឬប្រើប្រាស់សារធាតុញៀន ការគោរពសញ្ញាចរាចរណ៍ និងល្បឿនកំណត់ ព្រមទាំងការប្រើប្រាស់ផ្លូវដោយមានការយកចិត្តទុកដាក់ និងគោរពសិទ្ធិរបស់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
លើសពីនេះ ក៏បានលើកទឹកចិត្តឲ្យយុវជន និងប្រជាពលរដ្ឋធ្វើជាគំរូល្អក្នុងសហគមន៍ ដោយចូលរួមផ្សព្វផ្សាយសារសុវត្ថិភាពចរាចរណ៍ទៅកាន់គ្រួសារ មិត្តភក្តិ និងសហគមន៍ជុំវិញខ្លួន ដើម្បីបង្កើតវប្បធម៌ចរាចរណ៍ប្រកបដោយវិន័យ និងការទទួលខុសត្រូវ។
យុទ្ធនាការនេះមានគោលបំណងជំរុញឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ បង្កើនការយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ផ្លូវសាធារណៈ និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់។
ដោយ៖ អ៊ុក ទូច

