អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តប៉ៃលិន» អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ប៉ៃលិន៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តប៉ៃលិន» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹង គ.ស ២០២៦ ដើម្បីចូលរួមអបអរសាទរ និងស្វាគមន៍ទេវតាឆ្នាំថ្មី ព្រះនាម «រាក្សសាទេវី» ព្រមទាំងរួមចំណែកលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិខ្មែរ។
ក្នុងកិច្ចប្រជុំនោះ លោកស្រីបណ្ឌិតអភិបាលខេត្ត បានលើកឡើងថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ Hun Manet នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តប៉ៃលិន គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តប៉ៃលិន» ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្ត។
លោកស្រីបណ្ឌិត បានបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តប៉ៃលិន» នឹងរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ និងសួនច្បារមុខសាលាខេត្តប៉ៃលិន ព្រមទាំងរៀបចំនៅតាមតំបន់រមណីយដ្ឋាន និងវត្តអារាមនានាក្នុងខេត្តផងដែរ។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងសកម្មភាពកម្សាន្តផ្សេងៗទៀត ដើម្បីបង្កបរិយាកាសសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព។
លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានបន្តថា ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះ នឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកចូលរួមអបអរសាទរ ទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ព្រមទាំងជាឱកាសល្អសម្រាប់ការជួបជុំគ្រួសារ និងការចូលរួមអភិរក្សវប្បធម៌ប្រពៃណីជាតិខ្មែរផងដែរ៕ដោយ អ៊ុក ទូច

