រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យបន្តវិនិយោគលើសមភាពយេនឌ័រ ក្នុងឱកាសខួប ១១៥ ឆ្នាំ ទិវាអន្តរជាតិនារី ៨ មីនា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យបន្តវិនិយោគលើសមភាពយេនឌ័រ ក្នុងឱកាសខួប ១១៥ ឆ្នាំ ទិវាអន្តរជាតិនារី ៨ មីនា

       រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឱ្យបន្តវិនិយោគលើសមភាពយេនឌ័រ ក្នុងឱកាសខួប ១១៥ ឆ្នាំ ទិវាអន្តរជាតិនារី ៨ មីនា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
ក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ទិវាអន្តរជាតិនារី ៨ មីនា មិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍សកលមួយ ដែលរំលឹកដល់ប្រវត្តិនៃការតស៊ូ និងការលះបង់របស់ស្ត្រីជុំវិញពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ការប្រឆាំងការរើសអើង និងការលើកកម្ពស់សមភាពយេនឌ័រ។
ឯកឧត្តមបានបញ្ជាក់ថា ការលើកកម្ពស់សន្តិសុខផ្លូវចិត្ត សិទ្ធិ និងសេរីភាពរបស់ស្ត្រី គឺជាកត្តាសំខាន់ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ស្ត្រីគឺជាកម្លាំងចលករសំខាន់មួយក្នុងគ្រួសារ និងសង្គម ដែលមានតួនាទីមិនអាចខ្វះបានក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមក៏បានសម្តែងការកោតសរសើរចំពោះភាពអត់ធ្មត់ ភាពរឹងមាំ និងការច្នៃប្រឌិតរបស់ស្ត្រីកម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងគ្រប់វិស័យនៃសង្គម។ ជាពិសេស ស្ត្រីដែលជាភរិយា និងសមាជិកគ្រួសាររបស់វីរកងទ័ព បានដើរតួនាទីជាអ្នកលើកទឹកចិត្តដ៏អង់អាចក្លាហាន ក្នុងការគាំទ្រស្វាមី និងសាច់ញាតិដែលកំពុងបំពេញភារកិច្ចការពារទឹកដីមាតុភូមិ។
ជាមួយគ្នានេះ ស្ត្រីក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកៀរគរជំនួយ ស្បៀងអាហារ និងសម្ភារប្រើប្រាស់នានា ដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងអ្នកត្រូវការជំនួយក្នុងសង្គម។
នៅចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យបន្តវិនិយោគលើ សមភាពយេនឌ័រ ដើម្បីធានាថា ស្ត្រី និងក្មេងស្រីកម្ពុជា ទទួលបានឱកាស និងសិទ្ធិពេញលេញក្នុងការចូលរួម និងសម្រេចចិត្តលើគ្រប់វិស័យ រួមមាន សេដ្ឋកិច្ច អប់រំ សុខាភិបាល និងភាពជាអ្នកដឹកនាំ ដើម្បីរួមចំណែកកសាងអនាគតដ៏រុងរឿងសម្រាប់មាតុភូមិកម្ពុជា៕
ដោយ៖ ហុក វិបុល
 

Leave a Reply

Your email address will not be published. Required fields are marked *