អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាលខេត្តដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាលខេត្ត ក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា
ប៉ៃលិន៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបាលខេត្តប៉ៃលិន ដើម្បីចូលរួមអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ការអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១៥ នាឆ្នាំនេះ មានគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ព្រមទាំងបង្ហាញពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាង និងថែរក្សាសន្តិភាពយូរអង្វែង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។
លោកស្រីបណ្ឌិតអភិបាលខេត្តបានបញ្ជាក់ថា ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រមទាំងធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋ។
លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានគូសបញ្ជាក់ផងដែរថា ការជ្រើសរើសប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» សម្រាប់ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ គឺសមស្របយ៉ាងខ្លាំងជាមួយនឹងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ះពាល់ពីសង្គ្រាម និងវិបត្តិសន្តិសុខក្នុងអតីតកាល បង្កឱ្យមានការខូចខាតទ្រព្យសម្បត្តិ ការបាត់បង់សមាជិកគ្រួសារ និងការរងគ្រោះផ្លូវចិត្តជាច្រើន។
ជាមួយគ្នានេះ លោកស្រីបណ្ឌិតអភិបាលខេត្តក៏បានលើកឡើងថា សុខភាពផ្លូវចិត្ត មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់រូប ដើម្បីអាចបន្តជីវិត បំពេញការងារ និងរស់នៅប្រកបដោយសុភមង្គល។ នៅពេលសុខភាពផ្លូវចិត្តរងផលប៉ះពាល់ វាអាចបង្កឱ្យមានឥទ្ធិពលអវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសុខុមាលភាពរបស់បុគ្គលម្នាក់ៗ។
លោកស្រីបណ្ឌិតបានបន្ថែមថា តាមការសិក្សាស្រាវជ្រាវ ស្ត្រីមានហានិភ័យរងការប៉ះពាល់ផ្លូវចិត្ត និងជំងឺបាក់ទឹកចិត្តខ្ពស់ជាងបុរស ដោយសារកត្តាជាច្រើន រួមមានកត្តាសង្គម កត្តាជីវសាស្ត្រ និងបន្ទុកនៃការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គម។ ដូច្នេះ ការលើកកម្ពស់សមភាពយេនឌ័រ គឺជាការផ្តល់តម្លៃដល់ស្ត្រី និងជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប ដើម្បីធានាបាននូវសន្តិសុខ និងសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវបញ្ញាស្មារតីសម្រាប់ស្ត្រី។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា សន្តិសុខ និងសន្តិភាពផ្លូវកាយ និងផ្លូវចិត្ត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាង សុខមាលភាពរបស់ស្ត្រី និងគ្រួសារ ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិឱ្យមានភាពរីកចម្រើន និងចីរភាព៕
ដោយ៖ អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *