ហេតុការណ៍បាញ់បោះពាក់ព័ន្ធល្បែងមាន់ជល់នៅឃុំត្រើយស្លា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ (ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦)

ហេតុការណ៍បាញ់បោះពាក់ព័ន្ធល្បែងមាន់ជល់នៅឃុំត្រើយស្លា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ
(ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦)
ខេត្តកណ្តាល៖ ហេតុការណ៍បាញ់បោះមួយបានកើតឡើងនៅក្នុងភូមិសាស្ត្រ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដែលផ្ដើមចេញពីសកម្មភាពល្បែងស៊ីសង (មាន់ជល់) បណ្តាលឱ្យប្រជាពលរដ្ឋនៅតំបន់នោះមានការភ័យខ្លាច និងបង្កការព្រួយបារម្ភចំពោះសន្តិសុខសង្គមក្នុងមូលដ្ឋាន។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ការបាញ់បោះនេះបានកើតឡើងក្រោយពេលមានការឈ្លោះប្រកែកគ្នារវាងអ្នកលេងល្បែងមាន់ជល់ ដែលមិនព្រមបង់ប្រាក់ឱ្យគ្នា បន្ទាប់ពីការប្រកួតបានបញ្ចប់។ ភាគីទាំងពីរបានប្រតាយប្រតប់គ្នា ហើយមានជនម្នាក់បានដកអាវុធខ្លីបាញ់ចំនួនប្រមាណ ១២ គ្រាប់ បង្កឱ្យមានស្ថានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅជិតទីតាំងកើតហេតុ។
ប្រភពដដែលបានបន្តថា ក្នុងពេលកើតហេតុនោះ មានម៉ូតូមួយគ្រឿងនៅជិតទីតាំង ហើយម្ចាស់ម៉ូតូបានរត់បាស់ជើងគេចខ្លួនចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព ដោយមិនមានអ្នកណារងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ហើយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ រួមមានមេប៉ុស្តិ៍នគរបាលឃុំត្រើយស្លា អាជ្ញាធរសាលាស្រុកស្អាង និងកម្លាំងកងរាជអាវុធហត្ថ បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងមាន់ជល់នោះ។
មន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថា ករណីនេះត្រូវបានចាត់ទុកថា ជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះមានការប្រើប្រាស់អាវុធខុសច្បាប់ និងសកម្មភាពល្បែងស៊ីសង ដែលប៉ះពាល់ដល់ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនពាក់ព័ន្ធ ព្រមទាំងពង្រឹងការត្រួតពិនិត្យលើសកម្មភាពល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

Leave a Reply

Your email address will not be published. Required fields are marked *