លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC)
(ប៉ៃលិន)៖ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (General Border Committee – GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃនេះ និងបានបញ្ចប់នៅវេលាម៉ោង ១០:២០ នាទី នៅច្រកអន្តរជាតិព្រំ–ផាកកាត ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ប្រចាំកម្ពុជា និងថៃ។
កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
ជាលទ្ធផល កិច្ចប្រជុំពិសេសលើកទី៣ នេះ បានអនុម័ត និងចុះហត្ថលេខាលើ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយបានបញ្ជាក់យ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងបន្តស្វែងរកសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។
ដោយ៖ អ៊ុក ទូច





