ពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥–១៩៧៩)
ចេញផ្សាយថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៦
ភ្នំពេញ៖ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាអនុប្រធានប្រចាំការ ស.ស.យ.ក. រាជធានីភ្នំពេញ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. រាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា នៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះនៃរបបខ្មែរក្រហម ព្រមទាំងនិមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ។
ពិធីដ៏មានន័យនេះ ត្រូវបានរៀបចំឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងវីរជន វីរនារី ដែលបានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីដណ្តើមយកឯករាជ្យ សិទ្ធិសេរីភាព និងសុខសន្តិភាព មកជូនជាតិ និងប្រជាជនកម្ពុជា ក្រោយការដួលរលំរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង។
សន្តិភាព គឺជាកេរមរតកដ៏មានតម្លៃបំផុត ដែលថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងអ្នកជំនាន់មុន បានលះបង់បូជាអាយុជីវិតយ៉ាងលំបាក ដើម្បីទទួលបាន។ សន្តិភាព មិនមែនគ្រាន់តែជាការអវត្តមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ដូច្នេះ យុវជន និងប្រជាពលរដ្ឋជំនាន់ក្រោយ ត្រូវរួបរួមគ្នា សាមគ្គីភាព ថែរក្សា និងការពារសុខសន្តិភាពនេះ ឲ្យបានគង់វង្សជារៀងរាល់ថ្ងៃ។
សូមរំលឹកបញ្ជាក់ថា ក្នុងរយៈពេលជាង ៣ ឆ្នាំប៉ុណ្ណោះ របបប្រល័យពូជសាសន៍ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ ប្រមាណជាង ៣ លាននាក់ និងបានបំផ្លាញស្ទើរតែទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ សាសនា ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ជាតិ។
ក្នុងរបបយង់ឃ្នងនោះ ប្រជាពលរដ្ឋត្រូវបានបង្ខំឱ្យជម្លៀសចេញពីទីក្រុង និងទីប្រជុំជននានា ទៅរស់នៅតាមជនបទដាច់ស្រយាល និងតំបន់ព្រៃភ្នំ ដោយបង្ខំឱ្យធ្វើការដ៏ធ្ងន់ធ្ងរ ដូចគោក្របី ទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក និងគ្មានសិទ្ធិសេរីភាព។ សូម្បីតែសិទ្ធិរស់រាន និងការស្លៀកពាក់ផ្ទាល់ខ្លួន ក៏ត្រូវបានបំផ្លាញទាំងស្រុង។ របបព្រៃផ្សៃនេះ ក៏បានធ្វើទារុណកម្ម និងសម្លាប់ប្រជាជនដោយអំពើចិត្ត ក្រោមការចោទប្រកាន់ថា ជាខ្មាំង។
វិនាសកម្មនៃរបបខ្មែរក្រហម និងសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់ គឺជាមេរៀនប្រវត្តិសាស្ត្រដ៏សំខាន់ សម្រាប់យុវជន និងប្រជាជនជំនាន់ក្រោយ ត្រូវចងចាំ និងការពារមិនឱ្យកើតមានឡើងម្តងទៀត។ ទោះក្នុងតម្លៃណាក៏ដោយ យើងទាំងអស់គ្នា ត្រូវរួបរួមគ្នា ថែរក្សាសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ ឱ្យបានស្ថិតស្ថេរ គង់វង្ស និងជាអមតៈ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែសម្បូរសប្បាយ រុងរឿង និងរីកចម្រើនទៅមុខជាបន្តបន្ទាប់។
មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៦៕
ដោយ៖ ហុក វិបុល
ទូរស័ព្ទ៖ ០៩៧ ៤២១ ៦៦៦១



