រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលអំណោយពីសប្បុរសជនខ្មែរ នៅអាមេរិក ដើម្បីបន្តចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ទទួលអំណោយពីសប្បុរសជនខ្មែរ នៅអាមេរិក ដើម្បីបន្តចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយជាអង្ករ ២តោន និងអាហារស្បៀង ៥កេស ពីលោក​អេនតូនី ឡាយ ម៉េង ព្រមទាំងសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក ដើម្បីនាំយកបន្តទៅចែកជូនដល់វីរកងទ័ពនៅតំបន់ព្រំដែនជួរមុខ និងបងប្អូនជនភៀសខ្លួនពីផ្ទះសម្បែង ហើយបានមកស្នាក់នៅក្នុងជំរំភៀសសឹកតាមបណ្តាខេត្តនានា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក​អេនតូនី ឡាយ ម៉េង ព្រមទាំងសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក ដែលបានផ្តល់អំណោយមកក្រសួងព័ត៌មាន។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ លោក​អេនតូនី ឡាយ ម៉េង ព្រមទាំងសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។

ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រី បានជូនពរ ដល់លោក​អេនតូនី ឡាយ ម៉េង ព្រមទាំងសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក ឱ្យកាន់តែទទួលជោគជ័យថ្មីៗបន្ថែមទៀតក្នុងកិច្ចការងារផ្សព្វផ្សាយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព។

លោក​ អេនតូនី ឡាយ ម៉េង ព្រមទាំងសប្បុរសជនខ្មែរ នៅសហរដ្ឋអាមេរិក មានមោទនភាពដែលចូលរួមជាកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាក ដោយយើងទាំងអស់គ្នាឈរលើស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈការបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន ដោយផ្តល់ជាអំណោយជូនទៅដល់វីរកងទ័ព កំពុងឈរជើងនៅតំបន់ជួរមុខ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់៕

 

Leave a Reply

Your email address will not be published. Required fields are marked *