ជនចាស់វ័យ ៧១ ឆ្នាំ ស្នើសុំយុត្តិធម៌ ករណីចោទប្រកាន់ «ក្លែងបន្លំឯកសារ»

ជនចាស់វ័យ ៧១ ឆ្នាំ ស្នើសុំយុត្តិធម៌ ករណីចោទប្រកាន់ «ក្លែងបន្លំឯកសារ»
ខេត្តកណ្តាល៖ នៅវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី៤ខែមិនា ឆ្នាំ២០២៦ លោក ម៉ៅ វៃ អាយុ ៧១ ឆ្នាំ ត្រូវបានអញ្ជើញឱ្យចូលបំភ្លឺជាសាក្សី ពាក់ព័ន្ធនឹងករណីវិវាទដីផ្លូវសាធារណៈ ស្ថិតនៅភូមិលេខ១ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ករណីនេះបានទាក់ទាញការចាប់អារម្មណ៍ពីមហាជន បន្ទាប់ពីលោក ម៉ៅ វៃ បានបដិសេធការចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារ» ដែលប្តឹងដោយឈ្មោះ ឆុង ស្រីណែត។
តាមលិខិតបំភ្លឺរបស់លោក ហុក វិបុល ដែលត្រូវជាកូនបង្កើត និងជាតំណាងរបស់លោក ម៉ៅ វៃ បានអះអាងថា ស្នាមមេដៃ និងវីដេអូដែលត្រូវបានយកទៅប្រើជាភស្តុតាង គឺកើតឡើងក្រោមស្ថានភាពបង្ខិតបង្ខំ និងសម្ពាធផ្លូវចិត្ត។
ប្រភពដដែលបានបន្តថា ភាគីដើមបណ្តឹងបាននាំឧបករណ៍ថតរូប និងថតវីដេអូ មកឱ្យលោក ម៉ៅ វៃ និយាយតាមការរៀបចំទុកជាមុន និងផ្តិតមេដៃលើឯកសារមួយចំនួន។ ខណៈដែលលោក ម៉ៅ វៃ ជាមនុស្សចាស់ជរា អះអាងថា មានការភ័យខ្លាច និងមិនមានសេរីភាពពេញលេញក្នុងការសម្រេចចិត្ត។
បន្ថែមពីនេះ តំណាងភាគីលោក ម៉ៅ វៃ ក៏បានលើកឡើងថា មានសាក្សីមួយចំនួនក្នុងភូមិ ដែលពាក់ព័ន្ធនឹងការការពារដីផ្លូវសាធារណៈ បានអះអាងថាបានរងសម្ពាធផងដែរ។
យ៉ាងណាមិញ ភាគីលោក ម៉ៅ វៃ បានស្នើសុំឱ្យតុលាការពិនិត្យប្រភពនៃភស្តុតាង និងពិចារណាបដិសេធភស្តុតាងណាដែលត្រូវបានអះអាងថា ទទួលបានតាមរយៈការបង្ខិតបង្ខំ។
គួរបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្នុងដំណាក់កាលនីតិវិធីតុលាការ ហើយមិនទាន់មានសេចក្តីសម្រេចជាផ្លូវការពីសាលាដំបូងខេត្តកណ្តាលនៅឡើយទេ។
អង្គភាពសារព័ត៌មានយើងនឹងបន្តតាមដាន និងផ្សព្វផ្សាយព័ត៌មានបន្ថែម បន្ទាប់ពីមានការបំភ្លឺពីភាគីពាក់ព័ន្ធទាំងអស់។
ដោយ៖ វៃ សុខហេង

Leave a Reply

Your email address will not be published. Required fields are marked *