ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ
ចេញផ្សាយ៖ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អញ្ជើញជាអធិបតីជំនួបពិភាក្សា ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។
ជំនួបនេះ មានការអញ្ជើញចូលរួមពី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងសមាគមទូរទស្សន៍ និងវិទ្យុ អ្នកសារព័ត៌មាន ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ ម៉េង សោភ័ណ្ឌ ប្រធានសមាគមអ្នកសារព័ត៌មានអេឡិចត្រូនិកអឹមអេសជេ (MSJ) ក៏បានអញ្ជើញចូលរួមជាមួយតំណាងសមាគមអ្នកសារព័ត៌មាននានា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិសដៅផ្សព្វផ្សាយព័ត៌មាន។
ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យសារព័ត៌មាន សម្រាប់ការផ្សព្វផ្សាយ «គម្រោងរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រារព្ធធ្វើឡើងនាពេលខាងមុខ។
អង្គពិធីបានពិភាក្សាយ៉ាងលម្អិតលើផែនការសហប្រតិបត្តិការ ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ និងការសម្របសម្រួលព័ត៌មានឱ្យបានទូលំទូលាយ ត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីជាតិ បង្កើនភាពអធិកអធមនៃព្រឹត្តិការណ៍ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកចូលរួមកាន់តែច្រើន។
ជាមួយគ្នានេះ ក្រសួងព័ត៌មាន និងបណ្តាសមាគមពាក់ព័ន្ធ ក៏បានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានាថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នឹងក្លាយជាវេទិកាវប្បធម៌ដ៏សំខាន់មួយ ក្នុងការផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរ ទៅកាន់ឆាកជាតិ និងអន្តរជាតិ។
ដោយ៖ ហុក វិបុល

Screenshot
Screenshot
Screenshot

Screenshot
Screenshot
Screenshot

 

Leave a Reply

Your email address will not be published. Required fields are marked *