ឯកឧត្តម អ៊ី ឈាន សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម នៅទូទាំង ខេត្តប៉ៃលិន ក្នុងខែបួសរ៉ាម៉ាឌន

ឯកឧត្តម អ៊ី ឈាន សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម នៅទូទាំង ខេត្តប៉ៃលិន ក្នុងខែបួសរ៉ាម៉ាឌន
ប៉ៃលិន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយស្បៀងអាហារសម្រាប់ស្រាយបួសខែរ៉ាម៉ាឌន ព្រមទាំងថវិកា ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាម នៅបរិវេណព្រះវិហារ ហាយ៉ាទុលខ្មែរអ៊ីស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ថា កម្ពុជាបានក្លាយជាប្រទេសគំរូមួយលើឆាកអន្តរជាតិ ចំពោះការថែរក្សាសុខដុមនីយកម្មសាសនា ក្រោមដំបូលនៃសន្តិភាព។ ទោះបីប្រជាពលរដ្ឋមានជំនឿសាសនាខុសៗគ្នាក៏ដោយ ក៏រស់នៅក្រោមរដ្ឋធម្មនុញ្ញតែមួយ និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា។
ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ហ៊ុន សែន និងបន្តដោយ ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលតែងផ្តល់អាទិភាពខ្ពស់ក្នុងការថែរក្សាសុខដុមនីយកម្មសាសនា មិនឱ្យមានជម្លោះសាសនាកើតឡើងក្នុងសង្គម ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍជាតិ។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានគូសបញ្ជាក់ពីសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋខ្មែរ ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានធានាសិទ្ធិសេរីភាពខាងជំនឿ និងការប្រតិបត្តិសាសនា ក្នុងលក្ខខណ្ឌមិនប៉ះពាល់ដល់សាសនាផ្សេងៗ។ ប្រជាពលរដ្ឋមិនត្រូវបានបង្ខំឱ្យគោរពប្រតិបត្តិសាសនាណាមួយឡើយ ប៉ុន្តែអាចជ្រើសរើសជំនឿតាមឆន្ទៈរៀងៗខ្លួន។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ី ឈាន បានបង្ហាញអារម្មណ៍សោមនស្សរីករាយ ដែលបានជួបបងប្អូនសាសនិកខ្មែរឥស្លាមសារជាថ្មី ក្នុងខែបួសរ៉ាម៉ាឌន ហើយសង្ឃឹមថា ព្រះអល់ឡោះនឹងទទួលយកផលបុណ្យកុសល នៃការតមអាហារ និងការប្រតិបត្តិធម៌របស់បងប្អូនទាំងអស់ ក៏ដូចជាសាសនិកឥស្លាមនៅបណ្តាខេត្ត និងបណ្តាប្រទេសនានាលើសាកលលោក។
បើតាមរបាយការណ៍របស់ប្រធានអ៊ីមាំខេត្ត បច្ចុប្បន្ននៅទូទាំង ខេត្តប៉ៃលិន មានសាសនិកខ្មែរឥស្លាមសរុបចំនួន ៤០៣ គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១,២៨៩ នាក់ ស្រី ៥៨៩ នាក់។ ក្នុងនោះ ក្រុងប៉ៃលិន មាន ៣៧៣ គ្រួសារ ស្មើនឹង ១,២០២ នាក់ ស្រី ៥៣៨ នាក់ ខណៈស្រុកសាលាក្រៅ មាន ៣០ គ្រួសារ ស្មើនឹង ៨៧ នាក់ ស្រី ៥១ នាក់៕
ដោយ៖ អ៊ុក ទូច

Leave a Reply

Your email address will not be published. Required fields are marked *