បាក់រណ្តៅរ៉ែខុសច្បាប់ សង្កត់ស្លាប់យុវជនម្នាក់ និងរបួស ៣ នាក់
សំណួរធំចំពោះទំនួលខុសត្រូវអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់រ៉ែខុសច្បាប់
មណ្ឌលគិរី៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងមនុស្សចំនួន ៣ នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ថ្មរណ្តៅរ៉ែសំណ ខុសច្បាប់ ខណៈកំពុងលួចជីកកកាយនៅពេលយប់អាធ្រាត្រ នៅចំណុចដៃអូពងប៉ះ ភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ហេតុការណ៍ដ៏សោកស្តាយនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៣:៣០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ ជនរងគ្រោះស្លាប់មានឈ្មោះ ផេន ហុង ភេទប្រុស អាយុ ១៨ ឆ្នាំ ជាជនជាតិព្នង និងជាសិស្សសាលា ខណៈអ្នករងរបួស ៣ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមណ្ឌលសុខភាពមេម៉ង់។
តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុមយុវជនចំនួន ៦ នាក់ បានចុះទៅជីកកកាយក្នុងរណ្តៅរ៉ែចាស់មួយ ដែលមានជម្រៅប្រមាណ ៣ ម៉ែត្រ ដោយគ្មានវិធានការសុវត្ថិភាព និងគ្មានការអនុញ្ញាតតាមច្បាប់ បណ្ដាលឲ្យថ្មពីមាត់រណ្តៅបាក់ធ្លាក់ចុះ សង្កត់លើក្រុមជនរងគ្រោះ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
យ៉ាងណាមិញ ករណីនេះបានបង្កើតជា សំណួរធំចំពោះទំនួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ចាប់ពីថ្នាក់ ឃុំមេម៉ង់ ស្រុកកែវសីមា រហូតដល់អាជ្ញាធរខេត្តមណ្ឌលគិរី និងអង្គភាពជំនាញពាក់ព័ន្ធ ដែលមានភារកិច្ចត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពជីករ៉ែខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រជាពលរដ្ឋបានលើកសំណួរយ៉ាងច្បាស់ថា៖
– តើរណ្តៅរ៉ែខុសច្បាប់នេះ មានវត្តមានយូរប៉ុណ្ណា?
– តើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យ ឬចាត់វិធានការបិទរណ្តៅរ៉ែទាំងនេះជាក់ស្តែងដែរឬទេ?
– ហើយតើមានការធ្វេសប្រហែស ឬការអនុវត្តច្បាប់មិនតឹងរឹងដល់កម្រិតណា ទើបបណ្ដាលឲ្យសកម្មភាពគ្រោះថ្នាក់បែបនេះ នៅតែបន្តកើតមាន?
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យកន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យតាមនីតិវិធី និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួស ៣ នាក់ ត្រូវបានព្យាបាល និងស្ថានភាពមានការធូរស្រាលជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍ សំណូមពរឱ្យ អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ បើកការស៊ើបអង្កេតឲ្យបានម៉ឺងម៉ាត់ ចាត់វិធានការច្បាស់លាស់ចំពោះអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន ប្រសិនបើរកឃើញមានការធ្វេសប្រហែសក្នុងការអនុវត្តច្បាប់ ដើម្បីធានាថា គ្រោះថ្នាក់ដ៏សោកស្តាយបែបនេះ នឹងមិនកើតឡើងម្តងទៀត។
ករណីនេះ ក៏ជាសារព្រមានដ៏ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឲ្យបញ្ឈប់សកម្មភាពជីករ៉ែខុសច្បាប់ ដែលមិនត្រឹមតែផ្ទុយនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពសង្គមទាំងមូលផងដែរ៕
យោងសារព័ត៌មាន រស្មីញ៉ូស៍ (Rasmei News) – www.mrrnews.com.kh

