សេចក្ដីថ្លែងការណ៍រួម
ភាគីទាំងពីរ បានឯកភាពគ្នា អនុវត្តបទឈប់បាញ់ជាបន្ទាន់ ដោយចាប់ផ្ដើមអនុវត្តចាប់ពី ម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ បានទទួលស្គាល់ពីសារៈសំខាន់នៃការធ្វើកិច្ចពិភាក្សាស្តីពី ដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដើម្បីបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ ក៏បានរំលឹកឡើងវិញនូវ សេចក្ដីប្រកាសរបស់ប្រធានអាស៊ាន សម្រាប់កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ដីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានរៀបចំឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីអំពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗ។
ភាគីទាំងពីរ ក៏បានបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការអនុវត្តពេញលេញ និងមានប្រសិទ្ធភាព នូវបទឈប់បាញ់ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងឡាយ ដែលបានសម្រេចក្នុងក្របខណ្ឌគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មការចម្រុះព្រំដែន ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀត ដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញនូវ ការតាំងចិត្តរួមគ្នា ក្នុងការវិលត្រឡប់ទៅរកការសន្ទនា ដោយផ្អែកលើកិច្ចព្រមព្រៀង និងយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ និងបង្កើតសន្តិភាពពិតប្រាកដ ប្រកបដោយចីរភាព ព្រមទាំងការកសាងទំនុកចិត្ត ការស្តារប្រក្រតីភាព និងសន្តិភាពយូរអង្វែង នៅតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ។
(បន្តទៅវិធានការ I និង II តាមសេចក្ដីប្រកាសរួមផ្លូវការ)
ដោយ៖ អ៊ុក ទូច



