សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ធុងចម្រោះទឹកស្អាត និងចង្ក្រាន្ត ព្រមទាំងក្រម៉ា ជូនប្រជាពលរដ្ឋចំនួន ៣១២គ្រួសារបន្ថែមទៀត ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៣១២គ្រួសារ លើកទី២ មកពីភូមិចំនួន៤ ក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្ដម លោក លោកស្រីក្រុមការងារគណបក្សគ្រប់ថ្នាក់ចុះមូលដ្ឋានឃុំ គណបក្សឃុំ និងសាខាបក្សភូមិ។
នាពិធីសំណេះសំណាល ឯកឧត្ដម ឈឹម សៅគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូន លោកយាយលោកតា អ៊ំពូមីង ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះគ្រប់ៗអាណត្តិកន្លងមក និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា នឹករលឹក និងស្រឡាញ់ ព្រមទាំងពរសព្ទសាធុការពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមគ្នានេះ ឯកឧត្តមប្រធាន បានជម្រាបជូនពីគុណបំណាច់ និងសមិទ្ធផលដ៏ធំធេងរបស់គណបក្ស ដែលបាននាំមកនូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងការកសាងនូវសមិទ្ធផលថ្មីៗ ជាច្រើនបន្ថែមទៀតលើគ្រប់វិស័យដែលជាប្រវត្តិសាស្ត្រថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ ឯកឧត្តម ឈឹម សៅគី បានគូសបញ្ជាក់ជូនថា លោកយាយលោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រើសរើសគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ពីព្រោះ គណបក្សប្រជាជនកម្ពុជា បានខិតខំស្ដារនិងអភិវឌ្ឍប្រទេសចាប់ពីចំណុចសូន្យ ព្រមទាំងបានធ្វើការបង្រួបបង្រួមជាតិឱ្យមានឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលបានអនុវត្តដោយបិតាសន្តិភាពនៃកម្ពុជាគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ដូចនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមការពារនូវសុខសន្តិភាព និងជឿជាក់លើរាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដោយត្រូវបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយមិនត្រូវជឿតាមការឃោសនាញុះញង់ ឬការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយរបស់ក្រុមប្រឆាំងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសឡើយ ដើម្បីភាពរីកចម្រើន និងសុខដុមរមនាដោយចីរភាព ឈានសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាទីបញ្ចប់ឯកឧត្ដមប្រធាន បានប្រគល់នូវធុងចម្រោះទឹកស្អាត និងចង្ក្រាន្ត ព្រមទាំងក្រម៉ា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្ដម ឆាយ ប្ញទ្ធិសែន ចែកជូនប្រជាពលរដ្ឋចំនួន ៣១២គ្រួសារបន្ថែមទៀត ក្នុងឃុំតាំងក្រសាំង ប្រកបដោយក្តីរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

