រដ្ឋមន្រ្តី ហែម វណ្ណឌី៖ គិតត្រឹមដាច់ខែកក្កដា ឆ្នាំ២០២៦ នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលបានចុះបញ្ជីនៅក្រសួងសរុបមាន ៣,៣៥៧ រោងចក្រ និងមានកម្លាំងពលកម្ម ១លាន ៣សែន ៥ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ហែម វណ្ណឌី ថ្លែងថា គិតត្រឹមដាច់ខែកក្កដា ឆ្នាំ២០២៦ នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលបានចុះបញ្ជីនៅក្រសួងសរុបមានចំនួន ៣,៣៥៧ រោងចក្រ, កម្លាំងពលកម្ម ១លាន ៣សែន ៥ម៉ឺននាក់ ក្នុងនោះមានស្ត្រី ៩៥ ម៉ឺននាក់ ស្មើនឹង ៧០%។
ការថ្លែងឲ្យដឹងបែបនេះរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធជាផ្លូវការពិព័រណ៍ឧស្សាហកម្មគ្រឿងយន្ត, ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជាអន្តរជាតិ លើកទី១០ ដែលបានប្រមូលផ្តុំក្រុមហ៊ុន និងផលិតផលជាច្រើនពីបណ្តាប្រទេសផ្សេងៗ ដោយមានក្រុមហ៊ុននិងពាណិជ្ជករជាង ២០០ក្រុមហ៊ុន មកពី ១៥ប្រទេស និងមានស្តង់តាំងពិព័រណ៍ប្រមាណ ៣០០ស្តង់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងបន្តថា ទុនវិនិយោគសរុបមានប្រមាណ ២៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះ ទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,៣ ប៊ីលានដុល្លារអាម៉េរិក គឺស្មើនឹង ១៥,៤% នៃទុនវិនិយោគសរុប។ តម្លៃបរិមាណផលិតផលរយៈពេល ៦ខែ ឆ្នាំ២០២៦ មានជាង ៤,៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ក្នុងស្រុកប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក និងនាំចេញប្រមាណ ៧,៣ ប៊ីលានដុល្លារអាម៉េរិក បើធៀបនឹងរយៈពេល ៦ខែដូចគ្នានៅក្នុងឆ្នាំ២០២៥ គឺមានការកើនឡើងប្រមាណ ៣,៨ ប៊ីលានដុល្លារអាម៉េរិក ឬក៏ ៦៥%។
ឯកឧត្តមរដ្ឋមន្រ្តី គូសបញ្ជាក់ថា បច្ចុប្បន្ន ការអភិវឌ្ឍឧស្សាហកម្មកំពុងឈានចូលដំណាក់កាលថ្មីមួយជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់វិនិយោគិន ចំពោះស្ថិរភាព សក្តានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា។ ទន្ទឹមនឹងកំណើនដ៏សំខាន់នេះ កម្ពុជាកំពុងពង្រីកនិងធ្វើពិពិធកម្មឧស្សាហកម្មរបស់ខ្លួន ដោយបន្តបង្កើនសមត្ថភាពក្នុងវិស័យសំខាន់ៗជាច្រើន ដូចជាឧស្សាហកម្មយានយន្ត និងគ្រឿងបង្គុំយានយន្ត, ការកែច្នៃម្ហូបអាហារ, អេឡិចត្រូនិក, សារធាតុគីមី, គ្រឿងសង្ហារិម និងឧស្សាហកម្មកែច្នៃផ្សេងៗ។
ឯកឧត្តមរដ្ឋមន្រ្តី បានកត់សម្គាល់ថា ការវិវត្តទាំងនេះបង្ហាញថា កម្ពុជាកំពុងឈានចូលកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល និងកំពុងបង្កើតមូលដ្ឋានឧស្សាហកម្មទំនើប ដែលអាចឆ្លើយតបបានតាមតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ជាក់ស្តែង ការបន្តរៀបចំពិព័រណ៍នាពេលនេះ គឺជាសក្ខីកម្មបង្ហាញនូវដំណើរឆ្ពោះទៅមុខ និងការប្តេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្ម និងកម្មន្តសាល ដែលមិនមានអ្វីអាចរារាំងបានឡើយ។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ នៅតែជាមូលដ្ឋានសេដ្ឋកិច្ចសំខាន់បង្កើតការងារជាង ១លាន ៣សែនកន្លែង និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ចក្ខុវិស័យរបស់យើង គឺពង្រីកឧស្សាហកម្មប្រពៃណី និងបង្កើតឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីឱ្យផលិតផលកម្ពុជាមានភាពប្រកួតប្រជែង និងមានការទទួលស្គាល់ពីអន្តរជាតិ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា ពិព័រណ៍នេះនឹងក្លាយជាឱកាសដ៏ល្អសម្រាប់ធុរជន និងវិនិយោគិន ក្នុងការស្វែងរកឱកាសវិនិយោគ បង្កើតកិច្ចសហប្រតិបត្តិការ ពង្រឹងទំនាក់ទំនងអាជីវកម្ម និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ ហើយនឹងជួយឲ្យវិស័យឧស្សាហកម្មកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែង និងមានភាពរឹងមាំបន្ថែមទៀត។
ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាអំពាវនាវដល់ក្រុមហ៊ុន និងសហគ្រាសឯកជនទាំងអស់ ចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន និងសេវាកម្មគាំទ្រផ្សេងៗ ព្រមទាំងមានឱកាសចូលរួមក្នុងបណ្តាញធុរជន និងសកម្មភាពផ្សេងៗរបស់សភាពាណិជ្ជកម្មកម្ពុជា។
លោក អាកៃ លីន (Akai Lin) នាយកទទួលបន្ទុកកិច្ចការក្រៅប្រទេស លើកឡើងថា កម្ពុជាមានការរីកចម្រើនគួរកត់សម្គាល់ ក្នុងនោះកម្ពុជាក៏កំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាងមុខ ស្របពេលដែលបញ្ហានេះអ្នកផលិតមួយចំនួនកំពុងដោះស្រាយបញ្ហានៅក្នុងផលិតកម្មរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពពង្រីកជាសកល លើការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ និងដំណោះស្រាយរោងចក្រដ៏ឆ្លាតវៃ ក្នុងគោលដៅបង្កើននូវឱកាសថ្មី ដើម្បីផ្តល់ដល់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា គាំទ្រដល់ការរីកចម្រើនជាសកល៕

