ឯកឧត្តម ស៊ី ជីនពីង៖ ចិនបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ឯកឧត្តម ស៊ី ជីនពីង៖ ចិនបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលសម្តេចអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួម សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តម ស៊ី ជីនពីង បានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ព្រមទាំងបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តមប្រធានាធិបតីចិន ក៏បានគូសបញ្ជាក់ពីការបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងពន្លឿនការអនុវត្ត «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីជំរុញការអភិវឌ្ឍ និងវិបុលភាពរួមរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទររដ្ឋាភិបាលចិនចំពោះភាពជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានបន្តផ្តល់ការគាំទ្រ និងជំនួយដល់កម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតីបានបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ គោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។
ជាមួយគ្នានេះ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប ខណៈប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន នយោបាយ និងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលអគ្គិសនី បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល កសិកម្ម ការពារជាតិ និងសន្តិសុខ។
មុនបញ្ចប់ជំនួប សម្តេចធិបតីបានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានជាធរមានរវាងប្រទេសទាំងពីរ។

Leave a Reply

Your email address will not be published. Required fields are marked *