បុរសម្នាក់អះអាងរងគ្រោះពីការទិញលក់មាសតាមប្រព័ន្ធអនឡាញ បាត់បង់ប្រាក់រាប់ម៉ឺនដុល្លារ
ប៉ៃលិន៖ បុរសម្នាក់នៅខេត្តប៉ៃលិន បានអះអាងថា ខ្លួនបានធ្លាក់ចូលក្នុងការវិនិយោគទិញលក់ហាងឆេងមាសតាមប្រព័ន្ធអនឡាញ បណ្តាលឱ្យបាត់បង់ប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងជំពាក់បំណុល បន្ទាប់ពីបានទាក់ទងជួញដូរជាមួយបុគ្គលម្នាក់ដែលអះអាងថាជាអាជីវករលក់មាស។
បើតាមការរៀបរាប់របស់លោក នាក់ ង៉យ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលអះអាងថាជាជនរងគ្រោះ បានឱ្យដឹងថា ដំបូងឡើយ លោកត្រូវបានណែនាំឱ្យស្គាល់ស្ត្រីម្នាក់ឈ្មោះ ទី ម៉ីយ៉ាវ ដែលអះអាងថាជាអាជីវករលក់មាសនៅខេត្តបាត់ដំបង ដើម្បីចូលរួមវិនិយោគទិញលក់ហាងឆេងមាសតាមអនឡាញ។
លោកអះអាងថា ក្នុងដំណាក់កាលដំបូង ស្ត្រីរូបនោះបានប្រគល់មាសជាក់ស្តែងមួយចំនួន ដើម្បីបង្កើតទំនុកចិត្ត។ បន្ទាប់មក បានលើកទឹកចិត្តឱ្យលោកបង្កើនទុនវិនិយោគកាន់តែច្រើន ខណៈការជួញដូរបានផ្លាស់ប្តូរទៅជាការបញ្ជាទិញតាម Telegram ដោយពុំមានការប្រគល់មាសពិតប្រាកដឡើយ។
ជនរងគ្រោះបន្តថា នៅថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២៦ លោកបានផ្ទេរប្រាក់សរុបប្រមាណ ៤០,០០០ដុល្លារអាមេរិក ជាទុនវិនិយោគ។ ក្រោយមក នៅពេលហាងឆេងមាសកើនឡើង លោកអះអាងថា ការវិនិយោគរបស់លោកទទួលបានប្រាក់ចំណេញ ប៉ុន្តែភាគីម្ខាងមិនព្រមទូទាត់ប្រាក់នោះទេ ហើយថែមទាំងទាមទារឱ្យលោកសងប្រាក់បន្ថែមទៀត។
ពាក់ព័ន្ធនឹងករណីនេះ អ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា ប្រសិនបើមានការប្រើឧបាយកលបង្កើតទំនុកចិត្តក្លែងក្លាយ ដើម្បីទាក់ទាញឱ្យជនរងគ្រោះផ្ទេរប្រាក់ ដោយគ្មានប្រតិបត្តិការជាក់ស្តែង ឬគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ នោះអាចមានការពាក់ព័ន្ធនឹងអំពើឆបោក ដែលស្ថាប័នមានសមត្ថកិច្ចត្រូវស៊ើបអង្កេតតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ មន្ត្រីជំនាញនៃ និយ័តករមូលបត្រកម្ពុជា (SERC) បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ មុនធ្វើការវិនិយោគ ឬទិញលក់មាសតាមប្រព័ន្ធអនឡាញ។ ប្រជាពលរដ្ឋគួរពិនិត្យឱ្យបានច្បាស់ថា ក្រុមហ៊ុន ឬអាជីវករមានអាជ្ញាប័ណ្ណស្របច្បាប់ និងជៀសវាងការជឿលើការសន្យាផ្តល់ប្រាក់ចំណេញខ្ពស់ខុសប្រក្រតី ព្រោះអាចប្រឈមនឹងហានិភ័យនៃការឆបោក។

កំណត់សម្គាល់៖ ខ្លឹមសារខាងលើផ្អែកលើការអះអាងរបស់ភាគីដែលអះអាងថាជាជនរងគ្រោះ។ ករណីនេះមិនទាន់មានការបញ្ជាក់ ឬសេចក្តីសម្រេចពីស្ថាប័នមានសមត្ថកិច្ច ឬតុលាការនៅឡើយទេ។
