
លោកវរសេនីយ៍ត្រី កាន់ វណ្ណះ ដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅខណ្ឌដូនពេញ
ដោយ៖ ហុក វិបុល
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ដឹកនាំដោយលោកវរសេនីយ៍ត្រី កាន់ វណ្ណះ មេប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (លួចម៉ូតូ) ដែលបានកើតឡើងនៅវេលាម៉ោង ៣:៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅមុខបន្ទប់ជួលផ្ទះលេខ២៧អឺ០ ផ្លូវលេខ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អឿន ចាន់ដាលីន ហៅ លីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យបានធ្វើសកម្មភាពរួមជាមួយបក្ខពួក លួចយកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះឈ្មោះ ឡឹក អ៊ុកសារ៉ាវុតី ភេទស្រី អាយុ១៩ឆ្នាំ ជានិស្សិត ដែលស្នាក់នៅទីតាំងកើតហេតុ។
ក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យបានព្យាយាមគេចខ្លួន ប៉ុន្តែជនរងគ្រោះបានភ្ញាក់ទាន់ និងស្រែកថា «ចោរៗ» បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុ។ ភ្លាមៗនោះ កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះអន្តរាគមន៍ ដេញតាម និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ខណៈបក្ខពួកផ្សេងទៀតបានរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកពាក់ព័ន្ធផ្សេងទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះការរក្សាទុកទ្រព្យសម្បត្តិ ជាពិសេសម៉ូតូ និងយានជំនិះគ្រប់ប្រភេទ ដោយត្រូវចាក់សោឱ្យបានត្រឹមត្រូវ និងរាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ចនៅពេលប្រទះឃើញសកម្មភាពគួរឱ្យសង្ស័យ ឬបទល្មើសផ្សេងៗ ដើម្បីរួមចំណែកថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
