គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ដោយ៖ អ៊ុក ទូច
ប៉ៃលិន៖ រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងដាក់ចេញផែនការអនុវត្តបន្ត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យអស់ពីភូមិសាស្ត្រខេត្តប៉ៃលិន និងរួមចំណែកអនុវត្តយុទ្ធនាការទូទាំងប្រទេស។
ក្នុងកិច្ចប្រជុំនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ មានប្រសាសន៍ថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាកិច្ចការអាទិភាពរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលត្រូវរួមសហការគ្នា បង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដើម្បីអនុវត្តវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាព ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកស្រីអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ការបន្តយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scams) មានគោលបំណងពង្រឹងសន្តិសុខសង្គម រក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមវិធានការរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តរឹតបន្តឹងការគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំ ការពិនិត្យស្ថានភាពរស់នៅរបស់ជនបរទេស និងការត្រួតពិនិត្យទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ការស្នាក់នៅដោយខុសច្បាប់ និងបង្ការបទល្មើសបច្ចេកវិទ្យាគ្រប់ទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោកស្រីក៏បានជំរុញឱ្យបន្តពង្រឹងគុណភាពការផ្តល់សេវាសាធារណៈ ប្រកបដោយសមធម៌ យុត្តិធម៌ និងតម្លាភាព ព្រមទាំងដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *