អភិបាលខេត្តប៉ៃលិន អំពាវនាវពលរដ្ឋចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត

អភិបាលខេត្តប៉ៃលិន អំពាវនាវពលរដ្ឋចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត

(ប៉ៃលិន)៖ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលការបន្តដាំដុះដើមផ្កាក្ងោកបន្ថែមទៀត នៅអមតាមដងផ្លូវនានាក្នុងខេត្ត នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងឱ្យដឹងថា នៅថ្ងៃអនាគត កូនឈើ និងដើមផ្ការាប់ពាន់ដើម នឹងត្រូវបានដាំនៅតាមទីសាធារណៈ និងអមសងខាងផ្លូវទូទាំងខេត្ត ដូច្នេះសូមអំពាវនាវឱ្យមានការ ចូលរួមពីសំណាក់ បងប្អូន ប្រជាពលរដ្ឋ និងគ្រប់មជ្ឈដ្ឋានទាំងអស់រួមគ្នាដុះ និងថែទាំ ដើម្បីលើកកម្ពស់សោភ័ណភាព និងបង្កើតជាគម្រប បរិស្ថាន បៃតងក្នុងខេត្ត។

បណ្ឌិត បាន ស្រីមុំ លើកឡើងថា បច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលំអបន្ថែម និងការថែទាំព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ សួនច្បារ ឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ លើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណភាពស្រស់បំព្រង ក្នុងការ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។

ជាក់ស្តែង លោកស្រីបានដឹកនាំក្រុមការងារចុះពិនិត្យមើលការដាំដុះបន្ថែមដើមផ្កាក្ងោករាប់ពាន់ដើម នៅអមតាមដងផ្លូវនានាក្នុងខេត្ត ហើយបច្ចុប្បន្ន ដើមផ្កាក្ងោកមួយចំនួន ដែលដាំដុះនាពេលកន្លងមក គឺកំពុងតែបញ្ចេញសម្រស់ និងសោភ័ណ្ឌភាពជាបណ្តើរៗ និងសង្ឃឹមថា នៅឆ្នាំបន្តៗទៀត ដើមផ្កាក្ងោកនេះ កាន់តែបញ្ចេញសម្រស់ស្រស់ស្អាតពាសពេញទីរួមខេត្ត។

នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានថ្លែងអំណរគុណ ចំពោះក្រុមការងារ មន្រ្តីជំនាញ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អជាពិសេស ផ្នែកអនាម័យសំរាម បានយ៉ាងល្អស្អាត សមជាទីក្រុងស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៏ល្អប្រពៃផូផង់នេះ ជារៀងរហូត ដើម្បីទីក្រុងស្អាតបរិស្ថានល្អ សុខភាពមាំមួន៕

 

Leave a Reply

Your email address will not be published. Required fields are marked *