ប្រជាពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យទីតាំងសង្ស័យបើកល្បែងហ្គេមខុសច្បាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

ប្រជាពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យទីតាំងសង្ស័យបើកល្បែងហ្គេមខុសច្បាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ
ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនបានស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យចុះពិនិត្យ និងស្រាវជ្រាវទីតាំងមួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 3B ផ្លូវលេខ 84 តំបន់ផ្លូវចំការកៅស៊ូ ចំណុចដើមទឹកដោះ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីមានការសង្ស័យថា អាចមានសកម្មភាពពាក់ព័ន្ធនឹងការបើកល្បែងហ្គេមខុសច្បាប់។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឱ្យដឹងថា ទីតាំងខាងលើត្រូវបានគេសង្ស័យថា បានដំណើរការអស់រយៈពេលមួយរយៈមកហើយ។ ទោះជាយ៉ាងណា មកទល់ពេលនេះ ពួកគេនៅមិនទាន់ឃើញមានការចុះត្រួតពិនិត្យ ឬចាត់វិធានការណាមួយពីស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈនៅក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋបានបន្ថែមថា កន្លងមកធ្លាប់មានការលើកឡើង និងរាយការណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងទីតាំងនេះ ប៉ុន្តែពួកគេសង្កេតឃើញថា សកម្មភាពនៅតែបន្តដំណើរការដដែល ដែលជាហេតុធ្វើឱ្យមហាជនមួយចំនួនស្នើឱ្យមានការចុះពិនិត្យឱ្យបានច្បាស់លាស់ និងតម្លាភាព។
ជុំវិញករណីនេះ ប្រជាពលរដ្ឋបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ និងពិនិត្យជាក់ស្តែង ដើម្បីបញ្ជាក់ការពិត។ ក្នុងករណីរកឃើញថា មានសកម្មភាពល្មើសច្បាប់ពិតប្រាកដ សូមចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
អង្គភាពសារព័ត៌មាន ពន្លឺព្រះធម៌ រង់ចាំទទួលការបកស្រាយ ឬការបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន និងការផ្ទៀងផ្ទាត់ព័ត៌មាន។
ដោយ៖ អង្គភាពសារព័ត៌មាន ពន្លឺព្រះធម៌
ទូរស័ព្ទ៖ 097 421 6661

Leave a Reply

Your email address will not be published. Required fields are marked *