យុវជនម្នាក់ ជាកូនស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងជាជនបង្កហេតុបើករថយន្តបុក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ នៅខេត្តបាត់ដំបង

យុវជនម្នាក់ ជាកូនស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងជាជនបង្កហេតុបើករថយន្តបុក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ យុវជនម្នាក់ ដែលជាកូនស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងជាជនបង្កហេតុបើករថយន្តបុក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ នៅខេត្តបាត់ដំបង បានចូលខ្លួនសារភាពនៅចំពោះមុខសមត្ថកិច្ច នាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
តាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ គឺជាអ្នកបើករថយន្តបង្កហេតុ បុកម៉ូតូ បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ រួមទាំងទារកក្នុងផ្ទៃអាយុ ៣ខែ។ ការសន្និដ្ឋាននេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចប្រមូលភស្តុតាង ពីកាមេរ៉ាសុវត្ថិភាព និងប្រភពពាក់ព័ន្ធនានា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២:៤០ នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៤៦-២៤៧ ស្ថិតនៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រថយន្តម៉ាក Mercedes-Benz AMG GT53 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.6168 បានបុកជាមួយម៉ូតូ ២គ្រឿង។
ម៉ូតូទី១ ម៉ាក Honda Dream ពាក់ផ្លាកលេខ បាត់ដំបង 1H-2105 ជិះគ្នា ៣នាក់ បណ្តាលឱ្យស្លាប់ ២នាក់ និងរងរបួសធ្ងន់ ១នាក់។
ម៉ូតូទី២ ម៉ាក Honda Dream ពាក់ផ្លាកលេខ បាត់ដំបង 1S-1965 ជិះគ្នា ៣នាក់ បណ្តាលឱ្យស្លាប់ ៣នាក់ (ប្រុស ២នាក់ ស្រី ១នាក់)។
សរុបជនរងគ្រោះស្លាប់ ៥នាក់ (ប្រុស ២នាក់ ស្រី ៣នាក់) និងរងរបួសធ្ងន់ ១នាក់។ ក្នុងចំណោមអ្នកស្លាប់ មានស្ត្រីម្នាក់មានផ្ទៃពោះ ៣ខែ។ ជនរងគ្រោះទាំងអស់រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយបានជិះម៉ូតូត្រឡប់ពីមើលការប្រគុំតន្ត្រីនៅទីរួមស្រុកមោងឫស្សី។
ក្រោយកើតហេតុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានទាក់ទងទៅឪពុកជនបង្ក ឈ្មោះ ស៊ីវ សុជាតិ ដើម្បីសហការបញ្ជាក់ ហើយបានអះអាងថា រថយន្តនោះជាកម្មសិទ្ធិរបស់កូនប្រុសពិតប្រាកដ។
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចក៏បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុ ជនបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្តនៅទីនោះ។
តាមរយៈការស្រាវជ្រាវតាមផ្លាកលេខ C.S-6168 សមត្ថកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តឈ្មោះ ស៊ីវ ជ័យសិដ្ឋ កើតខែធ្នូ ឆ្នាំ២០០៦ មានទីលំនៅនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តអនុវត្តនីតិវិធីច្បាប់ ដើម្បីដោះស្រាយករណីនេះតាមច្បាប់ជាបន្តទៀត៕
ដោយ៖ អ៊ុក ទូច

     

 

Leave a Reply

Your email address will not be published. Required fields are marked *