Skip to content
អភិបាលខេត្តប៉ៃលិន ដឹកនាំប្រជុំជាមួយក្រុមហ៊ុន Internet ទឹកស្អាត និងអគ្គិសនី ដើម្បីពង្រឹងកិច្ចសហការ និងទប់ស្កាត់ទីតាំងសង្ស័យបង្កប់ Scam Online
(ប៉ៃលិន)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនផ្តល់សេវា Internet ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គិសនី នៅក្នុងខេត្តប៉ៃលិន ដើម្បីពិនិត្យបច្ចុប្បន្នភាពនៃកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
កិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់លើការចូលរួមអនុវត្តវិធានការទប់ស្កាត់ ការផ្តល់សេវាដល់ទីតាំងដែលសង្ស័យលួចបង្កប់សកម្មភាព Scam Online នៅតាមអគារស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំផ្សេងៗ ដែលអាចមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្តប៉ៃលិន កំពុងបន្តអនុវត្តយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Scam Online) ក្នុងគោលបំណងពង្រឹងការអនុវត្តរបបសន្តិសុខសង្គម រក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត ស្របតាមវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។
លោកស្រីបណ្ឌិតបានបន្តថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ការត្រួតពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេសដែលអាចលួចចូលមករស់នៅដោយខុសច្បាប់ និងទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាក្នុងខេត្តទាំងអស់ ឱ្យខិតខំរួមគ្នាដោះស្រាយបញ្ហា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដោយប្តូរឥរិយាបថ និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈប្រកបដោយសមធម៌ និងបរិយាប័ន្ន។
ជាពិសេស សេវាផ្គត់ផ្គង់ ទឹកស្អាត អគ្គិសនី និង Internet ត្រូវផ្តល់ជូនប្រជាពលរដ្ឋឱ្យមានគុណភាព សុវត្ថិភាព និងភាពងាយស្រួល ស្របតាមសង្គមកំពុងអភិវឌ្ឍ ដើម្បីគាំទ្រដល់និរន្តរភាព និងការអភិវឌ្ឍសង្គមជាតិ។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ការងារទាំងនេះ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានកំណត់អាទិភាពសំខាន់ៗរួមមាន៖ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិជ្ជា ក្នុងគោលបំណងពង្រឹងអភិបាលកិច្ចល្អ បង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានជំរុញឱ្យក្រុមហ៊ុន Internet ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គិសនី នៅក្នុងខេត្តប៉ៃលិនទាំងអស់ បន្តសហការយ៉ាងជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធ្វើការអង្កេត តាមដាន និងរាយការណ៍អំពីទីតាំងអាគារស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំផ្សេងៗ ដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ជាពិសេសសកម្មភាព Scam Online ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព៕
ដោយ៖ អ៊ុក ទូច
លេខផ្សាយពាណិជ្ជកម្ម៖ 071 799 6662








